ក្រុមអង្គការសិទ្ធមនុស្សជម្រុញឱ្យមីយ៉ាន់ម៉ាស្វែងរកការពិតពីការបាញ់សម្លាប់មេធាវីកំពូលម្នាក់

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៧

ក្រុមអង្គការសិទ្ធិមនុស្ស Amnesty International បានជម្រុញឱ្យប្រទេសភូមាស៊ើបអង្កេតទៅលើឃាតកម្មសម្លាប់មេធាវីកំពូលជនជាតិមូស្លីម លោក Ko Ni ដែលត្រូវគេធ្វើឃាតនៅមុខព្រលានយន្តហោះ Yangon Airport ដែលជារឿងមួយដ៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅតំបន់អាស៊ីអាគ្នេយ៍។ ការបាញ់សម្លាប់បានកើតឡើងកាលពីរសៀលថ្ងៃអាទិត្យនេះ ហើយប៉ូលិសចាប់បានជនសង្ស័យអាយុ៥៣ឆ្នាំម្នាក់ដែលចោទប្រកាន់ថាជាអ្នកបាញ់សម្លាប់លោក Ko Ni ដែលជាអ្នកជំនាញខាងច្បាប់រដ្ឋធម្មនុញ្ញ និងជាទីប្រឹក្សាគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (National League for Democracy) ខណៈដែលគាត់កាន់ចៅប្រុសរបស់គាត់។ ចំណែកអ្នកបើករថយន្តតាក់ស៊ីក៏ត្រូវបាញ់សម្លាប់នៅពេលដែលគាត់ព្យាយាមចូលទៅចាប់ខ្មាន់កាំភ្លើង។ អ្នកបើករថយន្តនេះមានឈ្មោះថា Kyu Linn ដែលរស់នៅក្នុងទីក្រុង Mandalay។ កាសែត Reuters មិនអាចទាក់ទងជាមួយនឹងក្រុមគ្រួសាររបស់ជនសង្ស័យដើម្បីធ្វើការអធិប្បាយបានទេ។ ពិធីបុណ្យសពរបស់លោក Ko ni នឹងធ្វើឡើងនៅម៉ោង៤រសៀលថ្ងៃច័ន្ទនេះនៅក្នុងទីបញ្ចុះសពរបស់ជនជាតិមូស្លីមក្នុងទីក្រុង Yangon នេះបើយោងតាមការបញ្ជាក់ពីក្រុមគ្រួសារនៃសព។ គួរបញ្ជាក់ផងដែរថាលោក Ko Ni អាយុ៦៣ឆ្នាំធ្លាប់បានរិះគន់យ៉ាងខ្លាំងទៅលើតួនាទីរបស់ក្រុមយោធាដែលគ្រប់គ្រងប្រទេសមីយ៉ាន់ម៉ាដែលប្រឆាំងទៅនឹងការដឹកនាំរបស់លោកស្រី Aung San Suu Kyi ដែលចូលកាន់អំណាចនៅក្នុងខែមេសាកន្លងទៅនេះ។ សមាជិករបស់ក្រុមគ្រួសារលោក Ko Ni និងមិត្តភកិ្តជាច្រើនបានប្រាប់ Reuters ថាលោក Ko Ni ធ្លាប់ទទួលការគំរាមកំហែងដល់អាយុជីវិតជាច្រើនលើកដែលពាក់ព័ន្ធជាមួយនឹងកិច្ចការងារនយោបាយ ប៉ុន្តែការសម្លាប់នេះនៅមិនទាន់ដឹងថាជាស្នាដៃរបស់ក្រុមណានោះទេ។ គណបក្សកាន់អំណាចនិយាយថាការស្លាប់របស់លោក Ko Ni ជាការបាត់បង់ដំធំមួយសម្រាប់ប្រទេសមួយនេះ៕