បង់ក្លាដែសចាប់ខ្លួនពួកសកម្មប្រយុទ្ធ៤នាក់ពាក់ព័ន្ធនឹងការវាយប្រហារទៅលើហាងកាហ្វេ១កន្លែង

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០១៧

កាលពីថ្ងៃពុធនេះកងកម្លាំងពិសេសការពារសុវត្ថិភាពបង់ក្លាដែសបានចាប់ខ្លួនពួកសកម្មប្រយុទ្ធ៤នាក់ដែលជាប់សង្ស័យពាក់ព័ន្ធនឹងការវាយប្រហារហាងកាហ្វេ១កន្លែងក្នុងទីក្រុង Dhaka កាលពីឆ្នាំ២០១៦ សម្លាប់មនុស្ស២២នាក់ដែលភាគច្រើនជាជនជាតិបរទេស។ ការវាយប្រហារនៅក្នុងទីក្រុង Dhaka នៅក្នុងខែកក្កដាក្រុមរដ្ឋអ៊ីស្លាមអះអាងទទួលខុសត្រូវថាជាការវាយប្រហារដ៏សាហាវបំផុតរបស់ពួកសកម្មប្រយុទ្ធដែលមិនធ្លាប់មានពីមុននៅក្នុងប្រទេសបង់ក្លាដែស។ ជនសង្ស័យដែលចាប់ខ្លួនទាំង៤នាក់មានអាយុចន្លោះពី២១ឆ្នាំដល់២៨ឆ្នាំនឹងជាសមាជិករបស់ក្រុមសកម្មប្រយុទ្ធ Jamaat-ul-Mujahideen Bangladesh (JMB) ដែលហៅឈ្មោះមួយទៀតថា New JMB ដែលសច្ចាស្មោះស្ម័គ្រចំពោះរដ្ឋអ៊ីស្លាមដែលប៉ូលីសជឿថាក្រុមនេះពិតជាពាក់ព័ន្ធនឹងការវាយប្រហារនៅក្នុងហាងកាហ្វេមែន។ ជនសង្ស័យទាំង៤នាក់ត្រូវបានចាប់ខ្លួនក្នុងការវាយឆ្មក់ចូលទៅក្នុងផ្ទះមួយដែលស្ថិតនៅជាយក្រុង Dhaka ហើយប៉ូលិសបានរកឃើញអាវុធជាច្រើនដើម និងគ្រាប់រំសេវផងដែរ។ គួរបញ្ជាក់ផងដែរថាចាប់តាំងពីការវាយប្រហារនៅក្នុងហាងកាហ្វេ ប៉ូលិសបានសម្លាប់មនុស្សប្រមាណជា៥០នាក់ដែលជាប់សង្ស័យថាជាអ្នកកាន់សាសនាអ៊ីស្លាមនិយម និងលោក Tamim Ahmed Chowdhury មេខ្លោងនៃការវាយប្រហារទៅលើហាងកាហ្វេ៕