ជនសង្ស័យជនជាតិឥណ្ឌូនេស៊ីនិយាយថានាងស្មានថាសារធាតុរាវសម្លាប់លោក គីម ជុងណាម គ្រាន់តែជាប្រេងលាបទារក

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០១៧

ស្ត្រីជនជាតិឥណ្ឌូនេស៊ីម្នាក់ដែលឃុំខ្លួនក្នុងប្រទេសម៉ាឡេស៊ីពាក់ព័ន្ធទៅនឹងឃាតកម្មសម្លាប់លោក គីម ជុងណាម និយាយថានាងត្រូវបានគេបោកប្រាស់ឱ្យមកទទួលកំហុស ហើយរឿងនេះគ្រាន់តែជាការបោកបញ្ឆោតមួយដែលមានរូបនាងជាតួសម្តែងនៅក្នុងកម្មវិធីទូរទស្សន៍ប៉ុណ្ណោះ នេះបើយោងតាមលោក Andriano Erwin ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បន្ទាប់ពីជួបនាងបាន៣០នាទី។ នាងបញ្ជាក់ប្រាប់ថានាងមិនជឿនោះទេដែលថាសារធាតុសម្លាប់លោក គីម ជុងណាម ជាថ្នាំពុល។ “វាប្រហែលគ្រាន់តែជាប្រេងលាបទារកតែប៉ុណ្ណោះ”។ អ្នកការទូតជនជាតិឥណ្ឌូនេស៊ីនេះបានបន្ថែមទៀតថាគេណែនាំ Siti Aisyah ទៅកាន់មនុស្ស២នាក់ផ្សេងទៀតប្រហែលជាជនជាតិជប៉ុនឬកូរ៉េ ហើយពួកគេបានឱ្យទឹកប្រាក់នាង៩០ដុល្លារអាមេរិកដើម្បីសម្តែងក្នុងឈុតមួយរបស់កម្មវិធីទូរទស្សន៍។ ឈ្មោះរបស់ពួកគេទាំងពីរនោះគឺ James និង​ Chang ហើយឈ្មោះនេះប្រហែលជាមិនមែនឈ្មោះពិតរបស់ពួកគេទេ។ ប៉ូលិសម៉ាឡេស៊ីបញ្ជាក់នៅថ្ងៃសុក្រនេះថាលោក គីម ជុងណាម ស្លាប់ដោយសារថ្នាំពុលឈ្មោះថា VX។ ស្រ្តីឈ្មោះ Siti អាយុ២៥ឆ្នាំ និងស្រ្តីម្នាក់ទៀតជនជាតិវៀតណាមឈ្មោះថា Doan Thi Huong អាយុ២៨ឆ្នាំរងការចោទប្រកាន់ថាបានយកសារធាតុគីមីទៅខ្ទប់នៅលើមុខលោក គីម ជុងណាម ខណៈដែលលោកត្រៀមឡើងយន្តហោះទៅកាន់ទីក្រុងម៉ាកាវនៅថ្ងៃទី១៣ ខែកុម្ភៈ៕