ចៅហ្វាយក្រុងអាល្លឺមង់អំពាវនាវឲ្យមានភាពស្ងប់ស្ងាត់បន្ទាប់ពីចោទប្រកាន់ជនស៊ីរីពីបទប្រព្រឹត្តអំពើមនុស្សឃាត

0

ប្រភពព័ត៌មានពី USA TODAY ចេញផ្សាយថ្ងៃទី ០២ ខែ មីនា ឆ្នាំ២០១៧

កាលពីថ្ងៃព្រហស្បតិ៍នេះអាជ្ញាធរអាល្លឺម៉ង់ចាប់ខ្លួនជនស៊ីរីម្នាក់ដោយចោទប្រកាន់ពីបទសង្ស័យប្រព្រឹ្តអំពើមនុស្សឃាត និងបានចាប់ខ្លួនជនជាតិស៊ីរីពីរនាក់ផ្សេងទៀតដោយចោទប្រកាន់ពីបទជាប់ទាក់ទងនឹងក្រុមភេរវករ ខណៈរដ្ឋាភិបាលរបស់លោកស្រី Angela Merkel កំពុងបន្តគ្រប់គ្រងក្នុងតួនាទីលើឆាកអន្តរជាតិរបស់ខ្លួនជាអ្នកនាំមុខខាងផ្តល់ក្តីសង្ឃឹមដល់ជនអន្តោប្រវេសន៍ និងការទាមទារដ៏ខ្លាំងខ្លាក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ ចំពោះការចាប់ខ្លួននេះលោក Holger Kelch អភិបាលក្រុង Cottubs ភាគខាងកើតប្រទេសអាលឺ្លមង់អំពាវនាវឱ្យមានភាពស្ងប់ស្ងាត់បន្ទាប់ពីក្មេងជំទង់ស៊ីរីម្នាក់ត្រូវចាប់ខ្លួនដោយជាប់ទាក់ទង់នឹងឃាតកម្មលើលោកស្រី Gerda Kruger អាយុ៨២ឆ្នាំ។ សាព័ត៌មាន Berliner Morgenpost រាយការណ៍ឲ្យដឹងថាជនសង្ស័យបានមកដល់ប្រទេសអាល្លឺម៉ង់ក្នុងឆ្នាំ២០១៥ ប៉ុន្តែគាត់ជាអនីតិជន និងសេចក្តីលម្អិតផ្សេងទៀតចេញផ្សាយដោយព្រះរាជអាជ្ញាក្នុងទីក្រុង Cottbus ដែលជាទីក្រុងមានចំនួនប្រជានជនត្រឹម១០០,០០០នាក់ដែលមានចម្ងាយប្រមាណជា៧៥ម៉ាយពីភាគអាគ្នេយ៍នៃទីក្រុងប៊ែកឡាំង។ ព្រះរាជអាជ្ញាលោក Gernot Bantleon និយាយថាអំពើឃាតកម្មដែលបង្ករដោយនីតិជនត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអតិបរមា១០ឆ្នាំ។ លោកបានឲ្យដឹងទៀតថាមានករណីមួយទៀតដែលអាជ្ញាធរអាល្លឺម៉ង់បានចាប់ខ្លួនជនស៊ីរី២នាក់ផ្សេងទៀតដោយចោទប្រកាន់ពីបទជាប់ទាក់ទងទៅនឹងឧក្រិដ្ឋកម្មសង្រ្គាមដែលបានសម្លាប់ជនស៊ីវិលរាប់សិបនាក់នៅក្នុងឆ្នាំ២០១៣ នៅក្នុងប្រទេសស៊ីរីដែលពួកគេជាសមាជិកនៃក្រុមភេរវកម្ម al-Nusra។ ប្រភពពីទីភ្នាក់ងារសារព័ត៌មាន DPA របស់អាល្លឺម៉ង់បាននិយាយថាបុរសម្នាក់មានឈ្មោះថា Abdalfatah HA ត្រូវចាប់ខ្លួនក្នុងទីក្រុង Dusseldorf ដោយចោទប្រកាន់ពីបទជាប់ទាក់ទងនឹងការសម្លាប់មន្ត្រីរដ្ឋាភិបាលស៊ីរីចំនួន៣៦នាក់ ចំនែកឯជនសង្ស័យម្នាក់ទៀតឈ្មោះ Abdulrahman AA អាយុ២៦ឆ្នាំក៏ជាសមាជិករបស់ក្រុមភេរវកម្ម al-Nusra ផងដែរនោះ ត្រូវចាប់ខ្លួននៅក្នុងទីក្រុង Giessen ដែលមានចម្ងាយប្រមាណជា១២០ម៉ាយភាគអាគ្នេយ៍នៃទីក្រុង Dusseldorf ត្រូវចោទប្រកាន់ពីបទចូលរួមជាសមាជិកអង្គការភេរវកម្មបរទេស៕