កូរ៉េខាងជើងហាមឃាត់ពលរដ្ឋម៉ាឡេស៊ី ចំណែកម៉ាឡេស៊ីហាមឃាត់ពលរដ្ឋកូរ៉េខាងជើងមិនឲ្យចាកចេញពីប្រទេសរៀងខ្លួនដូចគ្នា

0

ប្រភពព័ត៌មានពី USA TODAY ចេញផ្សាយថ្ងៃទី ០៧ ខែ មីនា ឆ្នាំ២០១៧

កាលពីថ្ងៃអង្គារនេះ កូរ៉េខាងជើងហាមឃាត់មិនឱ្យពលរដ្ឋម៉ាឡេស៊ីធ្វើដំណើរចាកចេញពីប្រទេសរបស់ខ្លួនដោយសារតែមានការខឹងសម្បានឹងការប៉ះទង្គិចគ្នាផ្នែកការទូតជាមួយប្រទេសម៉ាឡេស៊ីចំពោះឃាតកម្មលើលោក គីម ជុងណាម ដែលជាបងប្អូនបង្កើតម្តាយផ្សេងគ្នារបស់មេដឹកនាំកូរ៉េខាងជើង។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Najib Razak និយាយថាការហាមឃាត់ការធ្វើដំណើរនេះគឺស្មើនឹងការយកប្រជាជនធ្វើជាចំណាប់ខ្មាំង ហើយរូបលោកនឹងធ្វើការឆ្លើយតបទៅវិញដោយហាមឃាត់ប្រជាជនកូរ៉េខាងជើងមិនឱ្យចាកចេញពីប្រទេសម៉ាឡេស៊ីដូចគ្នា។ លោកបានឲ្យដឹងទៀតថាទង្វើនេះគឺជាទង្វើគួរឱ្យស្អប់ខ្ពើមដែលមិនគោរពដល់ច្បាប់អន្ដរជាតិ និងបទដ្ឋានការទូត។ កាលពីថ្ងៃអង្គារនេះទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើងនិយាយថាទីក្រុងព្យុងយ៉ាងបានហាមឃាត់មិនឱ្យពលរដ្ឋម៉ាឡេស៊ីចាកចេញពីប្រទេសនេះ រហូតដល់មន្រ្តីការទូត និងប្រជាជនកូរ៉េខាងជើងមានសុវត្ថិភាពនៅក្នុងប្រទេសម៉ាឡេស៊ីដោយមានការធានាយ៉ាងពេញលេញតាមរយៈការដោះស្រាយដោយភាពត្រឹមត្រូវលើករណីដែលបានកើតឡើងនៅប្រទេសម៉ាឡេស៊ីនាពេលកន្លងមក។ ចំណែកប្រទេសម៉ាឡេស៊ីឯណោះវិញ លោកនាយករដ្ឋមន្ត្រីក៏បានណែនាំឲ្យអធិការប៉ូលិសធ្វើការការពារកុំឱ្យពលរដ្ឋកូរ៉េខាងជើងទាំងអស់ដែលនៅក្នុងប្រទេសម៉ាឡេស៊ីចាកចេញពីប្រទេសរបស់ខ្លួនដោយរងចាំរហូតដល់សុវត្ថិភាព និងសន្តិសុខរបស់ប្រជាជនម៉ាឡេស៊ីទាំងអស់នៅក្នុងប្រទេសកូរ៉េខាងជើងត្រូវបានធានា។ គួរបញ្ជាក់ថាប្រជាជនកូរ៉េខាងជើងប្រមាណជា១,០០០នាក់កំពុងធ្វើការនៅក្នុងប្រទេសម៉ាឡេស៊ីមុនពេលដែលទំនាក់ទំនងការទូតបែកបាក់ ហើយប្រទេ​សម៉ាឡេស៊ីក៏ជាប្រទេសមួយក្នុងចំណោមប្រទេសមិនច្រើននៅលើពិភពលោកដែលបានផ្តល់ឲ្យពលរដ្ឋកូរ៉េខាងជើងអាចធ្វើដំណើរដោយគ្មានទិដ្ឋាការ៕