ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ២០១៧
សិស្សសាលាប្រមាណជា២០០នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យនៅថ្ងៃសៅរ៍ទី៦ ខែឧសភានេះបន្ទាប់ពីធ្លាយឧស្ម័ននៅក្បែរសាលារៀនរបស់ពួកគេនៅក្នុងរដ្ឋធានីនៃប្រទេសឥណ្ឌា។ ប៉ូលិសនិយាយថាថ្នាក់រៀនទាំងអស់កំពុងដំណើរការរៀនជាធម្មតានៅពេលដែលរថយន្តចតនៅឃ្លាំងក្បែរសាលារៀននោះធ្លាយឧស្ម័នសារធាតុគីមី។ ក្មេងៗជាច្រើនត្អូញត្អែរទៅលើបញ្ហារលាកភ្នែក និងបំពង់ករបស់ពួកគេក្រោយពេលហេតុការណ៍នេះកើតឡើង។ លោក Romil Baaniya អនុប្រធានស្នងការប៉ូលិសប្រាប់អ្នកសារព័ត៌មានថា “ក្មេងៗប្រមាណជា២០០នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ៤កន្លែងផ្សេងគ្នាដើម្បីព្យាបាល។ គួរបញ្ជាក់ផងដែរថាគ្មានអ្នកណាម្នាក់មានរបួសធ្ងន់ធ្ងរនោះទេ។ ឥឡូវនេះ ស្ថានភាពវិលមកល្អធម្មតាវិញហើយ។ ប៉ូលិសនឹងចាប់ផ្តើមសកម្មភាពផ្លូវច្បាប់ប្រឆាំងទៅនឹងការធ្វេសប្រហែសនេះ”។ ការលេចធ្លាយឧស្ម័ននេះមិនមែនជារឿងចម្លែកនោះទេនៅក្នុងប្រទេសឥណ្ឌា។ មូលហេតុនេះដោយសារតែការបរាជ័យក្នុងការអនុវត្តតាមស្តង់ដារសុវត្ថិភាព។ នៅក្នុងឆ្នាំ២០១៤ការលេចធ្លាយឧស្ម័នពុលមួយនៅក្នុងរោងចក្រផលិតដែកថែបធំបំផុតរបស់ឥណ្ឌាក្នុងរដ្ឋ Chhattisgarh សម្លាប់មនុស្ស៦នាក់។ ទន្ទឹមនឹងនេះផងដែរការលេចធ្លាយឧស្ម័នពុលក្នុងទីក្រុង Bhopal ឆ្នាំ១៩៨៤សម្លាប់មនុស្សយ៉ាងហោចណាស់២៥,០០០នាក់ ដែលមកដល់សព្វថ្ងៃនេះគេចាត់ទុកថាជាគ្រោះមហន្តរាយឧស្សាហកម្មដែលអាក្រក់ជាងគេបំផុតនៅលើពិភពលោក៕