ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ២០១៧
សមាជិកក្រុមរដ្ឋអ៊ីស្លាម២១នាក់ស្លាប់ និង៣នាក់ផ្សេងទៀតត្រូវចាប់ខ្លួនកាលពីថ្ងៃចន្ទក្នុងការវាយប្រហារតាមអាកាស និងប្រតិបត្ដិការពិសេសមួយដោយកងកម្លាំងសន្តិសុខអ៊ីរ៉ាក់តស៊ូដើម្បីដណ្តើមយកស្រុកចុងក្រោយនៅភាគខាងលិចនៃទីក្រុងម៉ូស៊ូល។ លោក Abbas al-Babeli មកពីកងកម្លាំងឆ្លើយតបរហ័សរបស់ក្រសួងមហាផ្ទៃបានប្រាប់គេហទំព័រ Shafaaq News ថាកងកម្លាំងប្រឆាំងភេរវកម្មរបស់កងទ័ពបានសម្លាប់ក្រុមសកម្មប្រយុទ្ធ IS ៩នាក់ ហើយ៣នាក់ផ្សេងទៀតចាប់ខ្លួននៅក្នុងប្រតិបត្ដិការពិសេសមួយនៅស្រុក al-Rifaie។ ទន្ទឹមនឹងនេះប្រព័ន្ធផ្សព្វផ្សាយនៃក្រសួងការពារជាតិបានឱ្យដឹងថាយន្តហោះចម្បាំងរបស់ប្រទេសអ៊ីរ៉ាក់បានសម្លាប់សមាជិកក្រុមសកម្មប្រយុទ្ធ IS ១២នាក់ផ្សេងទៀត និងបានបំផ្លាញអន្ទាក់គ្រាប់បែករបស់ពួកគេ និងរោងចក្រផលិតគ្រឿងផ្ទុះនៅក្នុងតំបន់ al-Baaj ភាគខាងលិចនៃទីក្រុងម៉ូស៊ូល និងជិតព្រំដែនប្រទេសស៊ីរី។ គួរបញ្ជាក់ថាកងទ័ពអ៊ីរ៉ាក់បានកាន់កាប់ឡើងវិញនៅភាគខាងកើតទីក្រុងម៉ូស៊ូលកាលពីខែមករាកន្លងមកបន្ទាប់ពីមានការប្រយុទ្ធគ្នាអស់រយៈពេល៣ខែ និងបានចាប់ផ្ដើមធ្វើការវាយលុកផ្សេងទៀតកាលពីខែកុម្ភៈដើម្បីដណ្តើមយកភាគខាងលិចទីក្រុងនេះ។ មេបញ្ជាការអ៊ីរ៉ាក់បាននិយាយថាពួកគេគ្រប់គ្រងបានប្រមាណជា៩០ភាគរយនៃតំបន់ភាគខាងលិច និងវត្តមានអ្នកប្រយុទ្ធជិត១,០០០នាក់ក៏ស្ថិតនៅទីនោះដែរ។ ពួកគេបានព្យាករណ៍ថានឹងកាន់កាប់តំបន់ទាំងមូលនៅមុនចុងខែនេះ៕