មនុស្ស២នាក់ត្រូវកាត់ទោសប្រហារជីវិតក្នុងការវាយប្រហារគ្រាប់បែកនៅទីក្រុង Mumbai កាលពីឆ្នាំ១៩៩៣

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ២០១៧

តុលាការប្រទេសឥណ្ឌាសម្រេចផ្តន្ទាទោសប្រហារជីវិតជនជាប់ចោទ២នាក់នៅថ្ងៃព្រហស្បតិ៍នេះទាក់ទងទៅនឹងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅប្រទេសឥណ្ឌាក្នុងទីក្រុង Mumbai កាលពី២ទសវត្សរ៍មុនដែលសម្លាប់មនុស្សប្រមាណជា២៥០នាក់។ Firoz Abdul Rashid Khan និង Taher Merchand ត្រូវផ្តន្ទាទោសពីបទសមគំនិត និងអំពើឃាតកម្មក្នុងការបំផ្ទុះគ្រាប់បែកឆ្នាំ១៩៩៣ ហើយផ្តន្ទាទោសប្រហារជីវិតនៅក្នុងសាលក្រមផ្តន្ទាទោសចុងក្រោយដែលធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍នេះ។ ព្រះរាជអាជ្ញាសាធារណៈលោក Ujjwal Nikam ប្រាប់សារព័ត៌មាន AFP ថារឿងសំខាន់ក្នុងការវាយប្រហារនោះគឺជនជាប់ចោទ Abu Salem ត្រូវផ្តន្ទាទោសឱ្យជាប់គុកមួយជីវិតរួមជាមួយជនជាប់ចោទ Karimullah Khan ចំពោះការបំផ្ទុះគ្រាប់បែកចំនួន១២គ្រាប់ដែលសម្លាប់មនុស្ស២៥៧នាក់ និងបង្ករអោយរងរបួសមនុស្សរាប់រយនាក់ទៀត។ ប្រទេសឥណ្ឌាយល់ស្របថាជនជាប់ចោទ Abu Salem មិនទទួលបានការកាត់ទោសប្រហារជីវិតនោះទេនៅពេលគាត់ធ្វើបត្យាប័នមកពីប្រទេសព័រទុយហ្គាល់នោះ។ ជនជាប់ចោទ Riyaz Siddiqui ត្រូវកាត់ទោសអោយជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ។ ការកាត់ទោសនេះធ្វើឡើងបន្ទាប់ពីតុលាការពិសេសនៅទីក្រុង Mumbai ផ្តន្ទាទោសជនជាប់ចោទទាំងនោះកាលពីខែមិថុនាចំពោះបទល្មើសជាច្រើននៅក្នុងការវាយប្រហារគ្រាប់បែក។ ជនជាប់ចោទម្នាក់ទៀតឈ្មោះ Mustafa Dossa ស្លាប់ដោយសារជំងឺគាំងបេះដូងភ្លាមៗបន្ទាប់ពីការផ្តន្ទាទោស។ តុលាការសម្រេចដោះលែងជនជាប់ចោទទី៧ គឺ Abdul Quayyum ដោយសារតែខ្វះភស្តុតាង។ ជនជាប់ចោទទាំងនោះត្រូវគេរកឃើញថាមានកំហុសក្នុងការចូលរួមក្នុងការសម្របសម្រួលការវាយប្រហារដោយគ្រាប់បែកនៅទីផ្សារហ៊ុន Mumbai ទីស្នាក់ការរបស់ក្រុមហ៊ុន Air India និងមជ្ឈមណ្ឌលផ្សារទំនើបមួយនៅខែមីនា១៩៩៣។ ការវាយប្រហារនេះត្រូវគេជឿជាក់ថាជាការសងសឹកចំពោះអំពើហិង្សាប្រឆាំងនឹងមូស្លីមដែលសម្លាប់មនុស្សប្រមាណជា១,០០០នាក់កាលពីប៉ុន្មានខែមុននេះ។ ជនជាប់ចោទ Salem រត់គេចខ្លួនបន្ទាប់ពីការវាយប្រហារឆ្នាំ១៩៩៣ ហើយត្រូវធ្វើបត្យាប័នពីប្រទេសព័រទុយហ្គាល់ក្នុងឆ្នាំ២០០៥។ ជនជាប់ចោទ Salem គឺជាអតីតអ្នកដើរតាមលោក Dawood Ibrahim ជាឧក្រិដ្ឋជនដែលគេតាមចាប់នៅប្រទេសឥណ្ឌា ហើយជននេះត្រូវគេចោទប្រកាន់ថាជាមេគុកក្នុងឆ្នាំ១៩៩៣៕

LEAVE A REPLY

Please enter your comment!
Please enter your name here