យន្តហោះទម្លាក់គ្រាប់បែកអាមេរិកហោះហើរលើឧបទ្វីបកូរ៉េជាមួយនឹងយន្តហោះប្រយុទ្ធរបស់ជប៉ុន និងកូរ៉េខាងត្បូង

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១១ ខែ តុលា ឆ្នាំ២០១៧

យន្តហោះទម្លាក់គ្រាប់បែក B-1B Lancer ចំនួន២គ្រឿងរបស់កងកម្លាំងយោធាអាមេរិកបានហោះហើរលើឧបទ្វីបកូរ៉េនៅក្នុងការបង្ហាញអំពីកម្លាំងរបស់ខ្លួនកាលពីល្ងាចថ្ងៃអង្គារនៅចំពេលដែលមានភាពតានតឹងខ្លាំងជុំវិញកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង។ អគ្គមេបញ្ជាការកងទ័ពរបស់ប្រទេសកូរ៉េខាងត្បូងនិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃពុធថាយន្តហោះទម្លាក់គ្រាប់បែក B-1B ចំនួន២គ្រឿងអមដំណើរដោយយន្តហោះចម្បាំង F-15K ចំនួន២គ្រឿងទៀតរបស់កងកម្លាំងយោធាកូរ៉េខាងត្បូងដែលចាកចេញពីមូលដ្ឋានរបស់ពួកគេនៅក្នុងកោះហ្គាម (Guam)។ កងយោធាអាមេរិកនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយទៀតថាពួកយុទ្ធជនរបស់ប្រទេសជប៉ុនក៏ចូលរួមក្នុងសមយុទ្ធនេះផងដែរហើយនេះគឺជាការធ្វើសមយុទ្ធរួមគ្នាដំបូងគេបង្អស់ដែលមានយន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិក និងក្រុមយុទ្ធជនមកពីប្រទេសជប៉ុន និងកូរ៉េខាងត្បូង។ បន្ទាប់ពីសមយុទ្ធរួមគ្នានៅលើដែនអាកាសនៅកូរ៉េខាងត្បូងយន្តហោះទម្លាក់គ្រាប់បែកក៏ធ្វើសមយុទ្ធកាំជ្រួចមីស៊ីលចូលទៅក្នុងដែនទឹកនៃឆ្នេរសមុទ្រខាងកើតនៃប្រទេសកូរ៉េខាងត្បូងផងដែរ។ យោធាកូរ៉េខាងត្បូងនិយាយថានេះគឺជាផ្នែកមួយនៃការធ្វើសមយុទ្ធជាទៀងទាត់ដើម្បីជំរុញការការពារ និងដើម្បីបង្ហាញអំពីសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង។ កងកម្លាំងទ័ពអាកាសរបស់អាមេរិកលោក Patrick Applegate និយាយថា “ការហោះហើរ និងហ្វឹកហាត់នៅពេលយប់ជាមួយសម្ព័ន្ធមិត្តរបស់យើងប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពគឺជាសមត្ថភាពដ៏សំខាន់មួយរវាងសហរដ្ឋអាមេរិក ប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង ហើយវាបង្ហាញពីសមត្ថភាពយុទ្ធសាស្ត្ររបស់អាកាសយានិកនៃប្រទេសនីមួយៗផងដែរ”។ គួរបញ្ជាក់ផងដែរថាក្នុងខែសីហាទីក្រុងព្យុងយ៉ាងគំរាមបាញ់កាំជ្រួចមីស៊ីលកម្រិតមធ្យមឆ្ពោះទៅកាន់តំបន់ជុំវិញទីក្រុងហ្គាមដែលជាគោលដៅមួយដែលទទួលរងការវាយប្រហារយ៉ាងសាហាវពីប្រទេសកូរ៉េខាងជើង។ មន្រ្តីរដ្ឋាភិបាលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកក៏បង្កើនការការពាររបស់ខ្លួនប្រឆាំងនឹងការបង្កហេតុរបស់ប្រទេសកូរ៉េខាងជើងបន្ថែមទៀតផងដែរ។ ប្រទេសកូរ៉េខាងជើងធ្លាប់បាញ់មីស៊ីល២លើករំលងលើប្រទេសជប៉ុន និងធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរធំបំផុតទី៦ របស់ខ្លួននៅក្នុងសប្តាហ៍ថ្មីៗនេះផងដែរដើម្បីប្រឆាំងទៅនឹងការដាក់ទណ្ឌកម្មរបស់សហភាពអ៊ឺរ៉ុបនៅពេលប្រទេសកូរ៉េខាងជើងមានគោលដៅក្នុងការបង្កើតមីស៊ីលនុយក្លេអ៊ែរដែលមានសមត្ថភាពវាយប្រហារសហរដ្ឋអាមេរិកនោះ។ គួរបញ្ជាក់ផងដែរនៅក្នុងពិធីខួបកំណើតបក្សរបស់ប្រទេសកូរ៉េខាងជើងកន្លងផុតទៅថ្មីៗនេះគ្មានការបាញ់បង្ហោះមីស៊ីលឬការសាកល្បងនុយក្លេអ៊ែរនោះទេ ប៉ុន្តែមន្ត្រីរបស់កូរ៉េខាងត្បូងប្រាប់ឱ្យមានការប្រុងប្រយ័ត្នព្រោះថាកូរ៉េខាងជើងអាចចូលរួមក្នុងការបង្កហេតុបន្ថែមទៀតគ្រប់ពេលវេលា ជាពិសេសជាមួយប្រទេសចិនដើម្បីចាប់ផ្តើមសន្និបាតគណបក្សកុម្មុយនីស្តដ៏សំខាន់របស់ខ្លួននៅថ្ងៃទី១៨ ខែតុលាខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here