ក្រុមរដ្ឋអ៊ីស្លាមអាចលាក់ខ្លួនក្នុងផ្លូវរូងក្រោមដីក្នុងទីក្រុង Hawija

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១១ ខែ តុលា ឆ្នាំ២០១៧

សមាជិកក្រុមប្រឹក្សាទីក្រុង Hawija បានជំរុញឲ្យកងទ័ពចម្រុះស្រាវជ្រាវលើតំបន់ដែលបានរំដោះនៅក្នុងទីក្រុងដែលនៅភាគនិរតីខេត្ត Kirkuk ដោយព្រមានថាពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមអាចលាក់ខ្លួននៅក្នុងផ្លូវរូងក្រោមដីឬក៏តំបន់ដាច់ស្រយាលណាមួយដើម្បីធ្វើការវាយប្រហារមកលើកងទ័ពសារជាថ្មីម្តងទៀត។ ថ្លែងទៅកាន់សារព័ត៌មាន AlSumaria News កាលពីថ្ងៃចន្ទលោក Ahmed Khorshid សមាជិកក្រុមប្រឹក្សាទីក្រុង Hawija បាននិយាយថាកងទ័ពអ៊ីរ៉ាក់គួរតែចាប់ផ្តើមប្រតិបត្តិការស្រាវជ្រាវនៅក្នុងទីក្រុង Hawija ក៏ដូចជាភូមិនានាក្នុងទីក្រុង al-Dibs ដែលស្ថិតនៅភាគនិរតី និងភាគពាយព្យខេត្ត Kirkuk។ លោកនិយាយថាតំបន់ទាំងនេះចាំបាច់ត្រូវតែបោសសំអាតពួកសកម្មប្រយុទ្ធ IS។ លោក Khorshid បានចង្អុលប្រាប់ថាភូមិប្រមាណជា១០០នៅក្នុងទីក្រុង al-Dibs និងទីក្រុង al-Rasha ចាំបាច់ត្រូវតែធ្វើការការស្រាវជ្រាវដើម្បីបញ្ចប់ការរំដោះទីក្រុង Hawija។ គួរបញ្ជាក់ថាកងយោធាចម្រុះអ៊ីរ៉ាក់បានសម្លាប់សមាជិក IS ៣៨៥នាក់រួមទាំងអ្នកលបបាញ់៥នាក់ផងដែរខណៈដែលប្រតិបត្តិការបញ្ជាការទីក្រុង Hawija ប្រកាសថាសម្រេចគោលដៅនៃដំណាក់កាលទី២នៃប្រតិបត្តិការកាលពីព្រឹកថ្ងៃចន្ទនេះ។ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Haidar al-Abadi ក៏បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍នេះអំពីការរំដោះទីក្រុង Hawijaផងដែរ។ ពួកសកម្មប្រយុទ្ធ IS ៥៥៧ស្លាប់ខណៈដែលភូមិជាង១០០ និងតំបន់ជាច្រើនបានរំដោះក្នុងដំណាក់កាលដំបូងដែលបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកញ្ញា៕

LEAVE A REPLY

Please enter your comment!
Please enter your name here