មនុស្ស១៣នាក់ស្លាប់ក្នុងការវាយប្រហារទៅលើសណ្ឋាគារមួយកន្លែងនៅសូម៉ាលី

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៨ ខែ តុលា ឆ្នាំ២០១៧

ប៉ូលិសនិយាយថាយ៉ាងហោចណាស់មនុស្ស១៣នាក់ស្លាប់ និង១៦នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារដោយគ្រាប់បែកអត្តឃាតមួយទៅលើសណ្ឋាគារមួយកន្លែងនៅក្នុងរដ្ឋធានីម៉ូហ្គាឌីស្យូ (Mogadishu) ប្រទេសសូម៉ាលី។ ប៉ុន្មាននាទីក្រោយមានគេរាយការណ៍ថាមានការបាញ់កាំភ្លើង និងការផ្ទុះជាលើកទី២។ អ្នកវាយប្រហារតម្រង់គោលដៅទៅសណ្ឋាគារឈ្មោះថា Nasa-Hablod ដ៏ពេញនិយមស្ថិតនៅជិតវិមានប្រធានាធិបតី ហើយសណ្ឋាគារនេះគឺជាកន្លែងរបស់អ្នកនយោបាយ និងអ្នកមានក្នុងតំបន់មកស្នាក់អាស្រ័យញឹកញាប់នៅក្នុងប្រេទេសសូម៉ាលី។ ក្រុមជ្រុលនិយម Al-Shabab អះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះដោយបន្ថែមថាអ្នកប្រយុទ្ធរបស់ខ្លួនគឺស្ថិតនៅក្នុងសណ្ឋាគារនេះដដែល។ ប៉ូលិសក្នុងតំបន់ម្នាក់ប្រាប់រ៉យទ័រថាការប្រយុទ្ធគ្នាកំពុងតែប្រព្រឹត្តទៅនៅក្នុងអគារនេះ។ មេបញ្ជាការប៉ូលិសក្នុងតំបន់លោក Mohamed Hussein ប្រាប់ទៅកាន់ AP ផងដែរថាមន្រ្តីប៉ូលិសជាន់ខ្ពស់របស់ប្រទេសសូម៉ាលី និងជាអតីតសមាជិកសភាម្នាក់ក៏ស្ថិតក្នុងចំណោមអ្នកស្លាប់នេះផងដែរ។ យ៉ាងហោចណាស់មានបុរសប្រដាប់អាវុធ៣នាក់ស្លៀកពាក់ឯកសណ្ឋានយោធាប្រញាប់ប្រញាល់ឆ្ពោះទៅកាន់សណ្ឋាគារភ្លាមៗបន្ទាប់ពីផ្ទុះនៅច្រកទ្វាររបស់ខ្លួននេះបើយោងតាមសាក្សីម្នាក់ដែលរស់រានមានជីវិតពីការផ្ទុះនោះប្រាប់ភ្នាក់ងារព័ត៌មាន AP ហើយគាត់ជឿថាពួកគេជាអ្នកប្រយុទ្ធ Al-Shabab ដែលកំទេចអគារនេះ។ ការវាយប្រហារនេះកើតឡើង២សប្តាហ៍បន្ទាប់ពីការវាយប្រហារសម្លាប់មនុស្សច្រើនបំផុតនៅសូម៉ាលីក្នុង១ទសវត្សរ៍នេះដែលមនុស្សជាង៣០០នាក់ស្លាប់។ នៅថ្ងៃទី១៤ ខែតុលា ការផ្ទុះគ្រាប់បែករថយន្ត២គ្រឿងធ្វើឱ្យរញ្ជួយដល់សូម៉ាលី។ ការផ្ទុះដំបូង និងការបំផ្លិចបំផ្លាញនេះកើតឡើងនៅក្បែរសណ្ឋាគារ Safari ជិតក្រសួងការបរទេសនៅកណ្តាលទីក្រុងដ៏មមាញឹកមួយនេះ។ មកទល់ពេលនេះគ្មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here