ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ២០១៧
កងកំលាំងអ៊ីរ៉ាក់នៅថ្ងៃសុក្រនេះបានវាយលុកដល់ទីប្រជុំជនទីក្រុង Qaim របស់រដ្ឋអ៊ីស្លាមស្ថិតនៅភាគខាងលិចខេត្ត Anbar។ ការវាយលុកនេះកាន់តែខិតជិតដល់គោលដៅនៃការលុបបំបាត់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមពីបន្ទាយចុងក្រោយរបស់ពួកគេស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់។ ប្រភពយោធាមួយបានប្រាប់សារព័ត៌មាន Alsumaria ថាកងកម្លាំងប្រឆាំងភេរវកម្ម និងកងទ័ពចល័តកុលសម្ព័ន្ធបានវាយលុកដល់សង្កាត់ Gaza មានចម្ងាយ៣៥០គីឡូម៉ែត្រពីភាគខាងត្បូងកណ្តាលទីក្រុង។ ការវាយលុករបស់កងកម្លាំងកើតឡើងបន្ទាប់ពីបានសម្លាប់ក្រុមសមាជិករដ្ឋអ៊ីស្លាម និងបានបំផ្លាញផ្ទះសម្បែងរបស់ពួកគេ។ ប្រព័ន្ធផ្សព្វផ្សាយរបស់កងទ័ពចលនានិយមដែលគាំទ្រកងកម្លាំងអ៊ីរ៉ាក់នៅក្នុងប្រតិបត្តិការរបស់ពួកគេបាននិយាយថាប៉ុន្មានម៉ោងមុននេះពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានដុតផ្ទះនៅសង្កាត់ Gaza ធ្វើឲ្យមានផ្សែងខណៈយន្តហោះចម្បាំង និងកាំភ្លើងធំរបស់កងកម្លាំងចលនានិយមទម្លាក់គ្រាប់ចំកណ្តាលទីក្រុង Qaim។ នៅព្រឹកថ្ងៃសុក្រនេះដែរមេបញ្ជាការប្រតិបត្តិការខេត្ត Anbar លោក Abdu-amir Yarallah និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាកងកម្លាំងប្រឆាំងភេវរកម្ម កងកម្លាំងចលនានិយម និងកងទ័ពចល័តកុលសម្ព័ន្ធបានវាយលុកដល់តំបន់ Saada តំបន់ Karableh និងតំបន់ Husaiba របស់ទីក្រុង Qaim។ គួរបញ្ជាក់ថារហូតមកដល់ពេលនេះការវាយលុករបស់កងកម្លាំងគ្រប់គ្រងបានរាជធានីម៉ូស៊ូលដែលជាអតីតរាជធានីរបស់ក្រុមអ៊ីស្លាមគ្រប់គ្រងបានទីក្រុង Tal Afar ភាគខាងលិចខេត្ត Nineveh និងទីក្រុង Hawija របស់ខេត្ត Kirkuk និងទីក្រុង Annah របស់ខេត្ត Anbar៕
