ស្ត្រីម្នាក់ស្លាប់ និង២នាក់រងរបួសដោយសារការវាយប្រហាររបស់ក្រុមរដ្ឋអ៊ីស្លាមនៅភាគខាងត្បូងទីក្រុង Baqubah

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ២០១៧

ប្រភពសន្តិសុខមួយបាននិយាយកាលពីថ្ងៃពុធនេះថាមនុស្ស៣នាក់ស្លាប់ និងរងរបួសខណៈពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានបើកការវាយប្រហារមួយនៅភាគខាងត្បូងទីក្រុង Baqubah។ ប្រភពបានប្រាប់សារព័ត៌មាន Alghad ថារថយន្ត និងផ្ទះសម្បែងរបស់ក្រុមគ្រួសារនៅក្នុងភូមិបានឆេះ ខណៈក្រុមសកម្មប្រយុទ្ធជាច្រើនបានវាយប្រហារមកលើភូមិ al-Jeel ភាគខាងត្បូងទីក្រុង Baqubah ដោយបានសម្លាប់ស្ត្រីម្នាក់ និងមនុស្ស២នាក់ផ្សេងទៀតរងរបួស។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថាការប្រឈមមុខដាក់គ្នារវាងអ្នកភូមិ និងពួកសកម្មប្រយុទ្ធបានកើតឡើងអស់រយៈពេលជាង១ម៉ោងកន្លះ។ ប្រភពបានឲ្យដឹងទៀតថាអ្នកស្រុកបានបង្ខំពួកសកម្មប្រយុទ្ធឲ្យគេចខ្លួនបន្ទាប់ពីដេញតាមពួកសកម្មប្រយុទ្ធនៅក្នុងតំបន់ជុំវិញភូមិ។ គួររំលឹកថាអំពើហិង្សានៅក្នុងប្រទេសបានកើនឡើងបន្ថែមទៀតជាមួយនឹងការកើតមាននៃពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនិកាយស៊ុននីដែលបានប្រកាសរដ្ឋអ៊ីស្លាមរបស់ពួកគេនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីក្នុងឆ្នាំ២០១៤។ ជនស៊ីវិលអ៊ីរ៉ាក់១១៤នាក់ស្លាប់ខណៈ២៤៤នាក់ផ្សេងទៀតរងរបួសដោយសារអំពើភេរវកម្ម អំពើហិង្សា និងជម្លោះប្រដាប់អាវុធនេះបើយោងតាមការចេញផ្សាយរបស់បេសកកម្មជំនួយអង្គការសហប្រជាជាតិប្រចាំនៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃពុធនេះ។ ទីក្រុងបាកដាដរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដែលមានជនស៊ីវិល១៧៧នាក់ស្លាប់ និងរបួស (៣៨នាក់ស្លាប់ និងរបួស១៣៩នាក់)។ ខេត្តអានបាមានអ្នកស្លាប់៣៦នាក់ និង៥៥នាក់រងរបួស និង​ខេត្ត Kirkuk មានមនុស្សស្លាប់១៨នាក់ និង៣៣នាក់រងរបួស។ រដ្ឋធានីអ៊ីរ៉ាក់ត្រូវបានមើលឃើញថាមានការបំផ្ទុះគ្រាប់បែកស្ទើតែរៀងរាល់ថ្ងៃ និងការវាយប្រហារដោយប្រដាប់អាវុធទៅលើសមាជិកសន្តិសុខ យោធា និងជនស៊ីវិលចាប់តាំងពីរដ្ឋាភិបាលអ៊ីរ៉ាក់ចាប់ផ្តើមយុទ្ធនាការទ្រង់ទ្រាយធំកាន់កាប់ឡើងវិញលើតំបន់ដែលគ្រប់គ្រងដោយពួករដ្ឋអ៊ីស្លាមក្នុងឆ្នាំ២០១៦៕

LEAVE A REPLY

Please enter your comment!
Please enter your name here