ប្រភពព័ត៌មានពី ChannelNewsAsia ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ២០១៧
ប៉ូលិសនៅភាគខាងជើងប្រទេសជប៉ុនរកឃើញថាមនុស្ស៨នាក់ធ្វើដំណើរតាមទូកមួយនិយាយប្រាប់ថាពួកគេមកពីប្រទេសកូរ៉េខាងជើង ហើយពួកគេគឺជាអ្នកនេសាទត្រី។ ហេតុការណ៍នេះកើតឡើងនៅពេលមានការកើនឡើងនៃភាពតានតឹងលើកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើងបន្ទាប់ពីប្រធានាធិបតីលោក ដូណាល់ ត្រាំ រៀបចំដាក់ទណ្ឌកម្មសារជាថ្មីបន្ថែមទៀតទៅលើប្រទេសឯកាមួយនេះ។ ប៉ូលិសជប៉ុនយកបុរសទាំងនេះដាក់ក្នុងមន្ទីរឃុំឃាំងក្នុងទីក្រុង Yurihonjo។ បុរសទាំងនោះនិយាយថាពួកគេគឺជាជនជាតិកូរ៉េខាងជើងទំនងជាធ្វើដំណើរតាមទូកឈើមួយ (ដែលមានបញ្ហា) ដែលមានអ្នកនេសាទរកឃើញនៅក្បែរនោះ។ ឥឡូវនេះប៉ូលិស និងអាជ្ញាធរកំពុងដោះស្រាយទៅលើបញ្ហានេះ។ លោក Yoshihide Suga សួរថាតើវាអាចទេដែលពួកគេគឺជាពួកឈ្លបនោះ? ដូចនេះអាជ្ញាធរដោះស្រាយបញ្ហានេះដោយប្រុងប្រយ័ត្នបំផុត។ កាសែតក្នុងស្រុកមួយបញ្ជាក់ឱ្យដឹងថាប្រទេសជប៉ុនកំពុងសិក្សាផែនការដើម្បីដោះស្រាយជាមួយនឹងការហូរចូលរបស់ជនភៀសខ្លួនរាប់ម៉ឺននាក់ពីប្រទេសកូរ៉េខាងជើងដែលពួកគេអាចជាអ្នកស៊ើបការណ៍ និងភេរវករផងដែរ។ កាលពីសប្តាហ៍មុននេះ ឆ្មាំសមុទ្រប្រទេសជប៉ុនជួយសង្រ្គោះបុរសកូរ៉េខាងជើងចំនួន៣នាក់នៅលើទូកលិចមួយនៅសមុទ្រជប៉ុន។ បុរសទាំងនេះនិយាយថាពួកគេគឺជាអ្នកនេសាទ ហើយក្រោយមកពួកគេត្រូវបញ្ជូនទៅកាន់ប្រទេសកូរ៉េខាងជើងវិញខណៈដែលនាវិក១២នាក់ផ្សេងទៀតបាត់ខ្លួន៕
