អាមេរិកបញ្ចប់ការស្វែងរកនាវិកដែលធ្លាក់យន្តហោះនៅសមុទ្រហ្វីលីពីន

0

ប្រភពព័ត៌មានពី ChannelNewsAsia ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ២០១៧

កងនាវាចរសហរដ្ឋអាមេរិកនៅថ្ងៃសុក្រនេះបញ្ឈប់ការស្វែងរកជនជាតិអាមេរិក៣នាក់ដែលបាត់ខ្លួនពីយន្តហោះរបស់ពួកគេនៅក្នុងសមុទ្រហ្វីលីពីន។ យន្តហោះ C-2A Greyhound ផ្ទុកមនុស្ស១១នាក់នៅលើយន្តហោះធ្លាក់នៅចម្ងាយ៩៣០គីឡូម៉ែត្រពីភាគអាគ្នេយ៍នៃតំបន់អូគីណាវ៉ាកាលពីរសៀលថ្ងៃពុធនេះ។ នាវិក៨នាក់ត្រូវគេជួយសង្គ្រោះភ្លាមៗបន្ទាប់ពីគ្រោះថ្នាក់នេះ។ កងនាវាចរនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “មនុស្សទាំង៨នាក់ស្ថិតក្នុងសភាពសុខភាពល្អទេ” ។ ការសម្រេចចិត្តបោះបង់ការស្វែងរក និងការជួយសង្គ្រោះកើតឡើងបន្ទាប់ពីរយៈពេល២ថ្ងៃនៃប្រតិបត្តិការដែលមានការចូលរួមពីនាវាចំនួន៧គ្រឿងរបស់កងនាវាចរសហរដ្ឋអាមេរិក និងកងកម្លាំងការពារដែនសមុទ្ររបស់ជប៉ុន យន្តហោះឧទ្ធម្ភាគចក្រ៣គ្រឿង និងយន្តហោះល្បាតតាមសមុទ្រផងដែរ។ សេចក្តីថ្លែងការណ៍និយាយថា “គំនិត និងការអធិដ្ឋានរបស់យើងគឺនៅជាមួយនាវិកដែលបាត់បង់ និងគ្រួសាររបស់ពួកគេ។ វាពិតជាមានភាពលំបាក ដូចនេះយើងសូមអរគុណចំពោះការឆ្លើយតបយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធិភាពដែលនាំទៅដល់ការជួយសង្គ្រោះសមាជិកនាវារបស់យើងចំនួន៨នាក់”។ យន្ដហោះនេះដឹកអ្នកដំណើរ និងដឹកទំនិញពីស្ថានីយ៍អាកាសយាន្ត Iwakuni នៅភាគខាងត្បូងប្រទេសជប៉ុនទៅកាន់ USS Ronald Reagan។ អាជ្ញាធរអាមេរិកប្រាប់ប្រទេសជប៉ុនកាលពីថ្ងៃពុធថាបញ្ហាម៉ាស៊ីនគឺជាមូលហេតុនៃការធ្លាក់នេះ។ កងនាវាចរនិយាយថាខ្លួនក៏ចាប់ផ្តើមស៊ើបអង្កេតទៅលើរឿងនេះផងដែរ។ ការធ្លាក់យន្តហោះនេះគឺជាគ្រោះថ្នាក់ចុងក្រោយបំផុតនៅក្នុងឧបទ្ទវហេតុថ្មីៗនេះដែលពាក់ព័ន្ធនឹងនាវាកងទ័ពជើងទឹកអាមេរិកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ នៅខែសីហានាវា USS John S McCain បុកជាមួយនាវាដឹកប្រេងមួយនៅសិង្ហបុរីសម្លាប់មនុស្ស១០នាក់ និងរងរបួស៥នាក់ផងដែរ។ ២ខែមុននេះ នាវាពិឃាតមួយទៀតឈ្មោះ USS Fitzgerald និងនាវាដឹកទំនិញមួយគ្រឿងបុកគ្នានៅដែនប្រទេសជប៉ុនបណ្តាលឱ្យនាវិក៧នាក់ស្លាប់។ កាលពីខែមករា នាវា USS Antietam ឆេះនៅជិតមូលដ្ឋានរបស់ខ្លួននៅក្នុងប្រទេសជប៉ុន ហើយក្នុងខែឧសភានាវា USS Lake Champlain ប៉ះទង្គិចគ្នាជាមួយនឹងនាវានេសាទនៅកូរ៉េខាងត្បូង៕

LEAVE A REPLY

Please enter your comment!
Please enter your name here