ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ២០១៧
រដ្ឋាភិបាលប៉ាគីស្ថានអំពាវនាវឱ្យមានការដាក់ពង្រាយទ័ពនៅក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដបន្ទាប់ពីមានអំពើហិង្សាកើតឡើងអំឡុងពេលបាតុកម្មរបស់ក្រុមអ៊ីស្លាមនិយម។ មនុស្សប្រមាណជា២០០នាក់បានរងរបួសនៅពេលដែលកងកម្លាំងសន្តិសុខព្យាយាមបំបែកក្រុមអ្នកកាន់សាសនាអ៊ីស្លាមនៅឯ Faizabad Interchange ដែលជាផ្លូវសំខាន់។ គួររំលឹកផងដែរថាក្រុមអ្នកតវ៉ាបានរារាំងផ្លូវនេះអស់រយៈពេលជាច្រើនសប្តាហ៍ដោយទាមទារឱ្យមានការបណ្តេញលោករដ្ឋមន្រ្តី ហ្សាហ៊ីដហាមីដ ដែលរងការចោទប្រកាន់ពីបទប្រមាថ។ យោងតាមបណ្តាញសារព័ត៌មានប៉ាគីស្ថានបានរាយការណ៍ថាក្រុមបាតុករត្រូវបានបំបែកខណៈព្យាយាមចូលទៅកាន់គេហដ្ឋានរបស់រដ្ឋមន្ត្រីនៅក្នុងខេត្ត Punjab ផងដែរ។ លោក ហាមីដ និងក្រុមគ្រួសាររបស់គាត់មិនបាននៅក្នុងអគារនោះទេ។ សូមបញ្ជាក់ថាបាតុកម្មនេះបានរីករាលដាលដល់ទីក្រុងផ្សេងៗទៀតរួមមានទីក្រុង Lahore និងកំពង់ផែការ៉ាជីខាងត្បូងផងដែរ៕
