កងទ័ពប៉ាគីស្ថានរក្សាភាពស្ងាត់ស្ងៀមខណៈក្រុមអ៊ីស្លាមនិយម និងប៉ូលិសប៉ះទង្គិចម្តងទៀត

0

ប្រភពព័ត៌មានពី ChannelNewsAsia ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ២០១៧

ក្រុមសកម្មជនគណបក្សអ៊ីស្លាមនៅថ្ងៃអាទិត្យនេះប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខប៉ាគីស្ថានជាថ្ងៃទី២នៅខាងក្រៅរដ្ឋធានីអ៊ីស្លាម៉ាបាដដោយការដុតរថយន្តមុនពេលដកខ្លួនចេញពីជំរំតវ៉ាដែលពួកគេកាន់កាប់រយៈពេលជាង២សប្តាហ៍។ សាក្សីនិយាយថាថ្វីបើមានការបញ្ជាពីរដ្ឋាភិបាលស៊ីវិលឲ្យកងទ័ពជួយស្តារសណ្តាប់ធ្នាប់នៅយប់ថ្ងៃសៅរ៍ក៏ដោយក៏គ្មានកងទ័ពនៅកន្លែងកើតហេតុនៅក្បែរជំរំតវ៉ាក្នុងតំបន់ Faizabad ជាយរដ្ឋធានីនោះទេ។ នាយកដ្ឋានសារព័ត៌មានរបស់យោធាមិនឆ្លើយតបទៅនឹងសំណួរអំពីការដាក់បញ្ជារបស់រដ្ឋាភិបាលទេ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស៦នាក់ស្លាប់មុនមួយថ្ងៃនៅពេលកងកម្លាំងប៉ូលិស និងកងប្រតិព័ទ្ធយោធារាប់ពាន់នាក់ព្យាយាមបំបែកក្រុមអ្នកកាន់សាសនាដែលបិទផ្លូវសំខាន់ទៅកាន់រដ្ឋធានីដោយទាមទារឱ្យរដ្ឋមន្ត្រីច្បាប់ត្រូវតែបណ្តេញចេញពីដំណែងពីបទការប្រមាថមើលងាយ។ យ៉ាងហោចណាស់មនុស្ស១៥០នាក់រងរបួសនៅក្នុងការប៉ះទង្គិចនៅថ្ងៃសៅរ៍ នេះបើយោងតាមមន្ទីរពេទ្យរាយការណ៍។ ស្នងការប៉ូលិសលោក Amir Niazi និយាយថាសមាជិកកងកម្លាំងសន្តិសុខ៨០នាក់ក៏ស្ថិតក្នុងចំណោមសាកសពជនរងគ្រោះទាំងនោះផងដែរ។ ព្រឹកថ្ងៃអាទិត្យនេះមានផ្សែងហុយចេញពីឡានដែលឆាបឆេះ និងម៉ូតូបីគ្រឿងឆេះនៅជិតជំរំតវ៉ាដែលសមាជិករាប់ពាន់នាក់របស់គណបក្ស Tehreek-e-Labaik ប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល។ បន្ទាប់ពីការប៉ះទង្គិចនៅពេលព្រឹកព្រលឹមតំបន់នេះស្ថិតក្នុងស្ថានភាពមិនស្រួល។ មន្រ្តីប៉ូលិសនិយាយថាកងកម្លាំងទាហាន Rangers ដែលរារាំងពីការប្រឈមមុខដាក់គ្នាកាលពីថ្ងៃសៅរ៍ទទួលខុសត្រូវលើប្រតិបត្តិការកាលពីថ្ងៃអាទិត្យ។ មេបញ្ជាការរបស់កងកម្លាំង Rangers លោកវរសេនីយ៍ឯក Bilal និយាយថា “យើងនៅតែមិនមានបញ្ជាឱ្យបើកប្រតិបត្តិការនោះទេ។ យើងនឹងធ្វើសកម្មភាពនៅពេលដែលរដ្ឋាភិបាលបញ្ជាយើង។ យើងឡោមព័ទ្ធក្រុមអ្នកតវ៉ាពីគ្រប់ទិសទី ហើយយើងអាចចាប់ផ្តើមប្រតិត្តិការបាននៅពេលដែលរដ្ឋាភិបាលបញ្ជាយើង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here