ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៨ ខែ មីនា ឆ្នាំ២០១៨
យោធារុស្ស៊ីនិយាយថាយ៉ាងហោចណាស់មានជនស៊ីវិល១,៥០០នាក់កំពុងព្យាយាមចាកចេញពីតំបន់ជាយក្រុងភាគខាងកើតនៃទីក្រុង Damascus។ ពួកគេត្រូវក្រុមឧទ្ទាមរារាំងមិនឱ្យចាកចេញ ហើយមានមនុស្សជាច្រើននាក់ដែលយាមចាកចេញនៅថ្ងៃព្រហស្បតិ៍ត្រូវឧទ្ទាមសម្លាប់ឬបង្ករឲ្យរងរបួស។ ប្រជាជនហៅទូរស័ព្ទដែលបង្កើតឡើងដោយមជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការផ្សះផ្សាគ្នានៅស៊ីរីដោយនិយាយថាពួកគេធុញទ្រាន់នឹងការផ្តាច់ការរបស់ពួកឧទ្ទាម។ ពួកគេត្អូញត្អែរអំពីស្ថានភាពដែលមិនអាចទទួលយកបាន និងចង់ចាកចេញពីតំបន់នោះសូម្បីតែឆ្លងកាត់ច្រករបៀងមនុស្សធម៌ក៏ដោយនេះបើយោងតាមលោកឧត្តមសេនីយ៍ទោ Yury Yevtushenko ប្រធានមជ្ឈមណ្ឌលសម្រុះសម្រួលមានប្រសាសន៍នៅសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍។ យោងតាមការប៉ាន់ប្រមាណបានឲ្យដឹងថាយ៉ាងហោចណាស់មានប្រជាជនប្រមាណជា១៥០, ០០០នាក់ត្រៀមខ្លួនរួចរាល់សម្រាប់ការចាកចេញពីភាគខាងកើតតំបន់ Ghouta។ លោកបន្ថែមថាពួកឧទ្ទាមដែលប្រមូលផ្តុំគ្នានៅជាយក្រុងក្នុងប្រទេសស៊ីរីកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីទប់ស្កាត់មិនប្រជាជនចាកចេញ។ ក្រុមប្រដាប់អាវុធខុសច្បាប់ចាត់វិធានការឃោរឃៅប្រឆាំងនឹងការចាកចេញរបស់ប្រជាជន និងបង្កើនការបាញ់កាំភ្លើង Mukhayyam-al-Wafideen ហើយថែមទាំងបាញ់សម្លាប់ប្រជាជនមិនឈប់សូម្បីតែក្នុងរយៈពេលបទឈប់បាញ់គ្នា។ លោក Yevtushenko បន្ថែមថានៅពេលនេះគ្មាននរណាម្នាក់មកពីតំបន់នោះអាចទៅដល់ច្រកព្រំដែនទេ។ ភេរវករបើកការបាញ់ប្រហារទៅលើជនស៊ីវិលរាប់រយនាក់ខណៈដែលពួកគេទៅកាន់ច្រក Jisreen-Mlea ដែលបង្កើតឡើងដោយអាជ្ញាធរស៊ីរីនៅថ្ងៃព្រហស្បតិ៍។ ប្រធានមជ្ឈមណ្ឌលផ្សះផ្សាមានប្រសាសន៍ថាមានអ្នកស្លាប់ និងរងរបួសជាលទ្ធផលនៃការវាយប្រហារដោយប្រើរថយន្តចំនួន៣គ្រឿង។ ពួកឧទ្ទាមនៅតំបន់ខាងកើត Ghouta បន្តការបំផ្ទុះនៅក្នុងក្រុង Damascus និងតំបន់ជាយក្រុងរបស់ខ្លួនដោយបាញ់កាំភ្លើងចំនួន៨គ្រាប់ជាខែលក្នុងទីក្រុងបង្ករឲ្យមនុស្សរបួស៩នាក់។ សកម្មភាពរបស់ក្រុមភេរវករបង្ករការប៉ះពាល់ដល់ក្បួនមនុស្សធម៌បញ្ជូនប្រជាជនទៅកាន់ស្រុកនៅភាគខាងកើតតំបន់ Ghouta នៅថ្ងៃព្រហស្បតិ៍។ សកម្មភាពបញ្ចូនក៏ត្រូវពន្យារពេល។ លោក Yvtushenko បន្តថាជំនួយមនុស្សធម៌នឹង មានសកម្មភាព ក្រោយពីស្ថានភាពមានលំនឹង។ លោកបញ្ជាក់សាជាថ្មីថាច្រកទ្វារមនុស្សធម៌នៅភាគខាងកើតតំបន់ Ghouta នៅតែបើកចំហដល់ជនស៊ីវិល និងក្រុមឧទ្ទាមដែលមានបំណងរត់ភៀសខ្លួន។ ប្រធានមជ្ឈមណ្ឌលផ្សះផ្សាជាតិមានប្រសាសន៍ថា ការប្រើអំពើហិង្សាដើម្បីឃាត់មនុស្សមិនឱ្យចាកចេញ និងប្រើប្រាស់មនុស្សជាខែលគឺជាសកម្មភាពមិនអាចទទួលយកបាន ហើយលោកនឹងជំរុញឱ្យក្រុមប្រដាប់អាវុធការពារប្រជាជនចាកចេញពីបរិវេណនោះ៕