ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី ៣១ ខែ មីនា ឆ្នាំ២០១៨
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានចុះនាវា២៧គ្រឿង ក្រុមហ៊ុនដឹកជញ្ជូនចំនួន២១ និងបុគ្គលម្នាក់ចូលក្នុងបញ្ជីខ្មៅដែលជួយដល់ប្រទេសកូរ៉េខាងជើងឱ្យគេចពីការដាក់ទណ្ឌកម្មមួយនេះ។ វិធានការនេះស្នើឡើងដោយសហរដ្ឋអាមេរិកកាលពីខែមុនដែលជាផ្នែកមួយនៃការបង្រ្កាបការរត់ពន្ធទំនិញរបស់ប្រទេសកូរ៉េខាងជើងតាមដែនសមុទ្រដូចជាប្រេង និងធ្យូងថ្មជាដើម។ នាវាដឹកប្រេង និងនាវាដឹកទំនិញទាំងនេះនឹងដាក់កំហិតហាមមិនឱ្យចូលកំពង់ផែនៅទូទាំងពិភពលោក ហើយក្រុមហ៊ុនពាក់ព័ន្ធនានាកំពុងប្រឈមនឹងការបង្កកទ្រព្យសម្បត្តិផងដែរ។ នេះគឺជាទណ្ឌកម្មដ៏ធំបំផុតដែលមិនធ្លាប់មានរបស់អង្គការសហប្រជាជាតិក្នុងការដាក់ទោសពិន័យប្រឆាំងជាមួយនឹងទីក្រុងព្យុងយ៉ាង។ ប្រទេសកូរ៉េខាងជើងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មអន្តរជាតិ និងអាមេរិកលើកម្មវិធីនុយក្លេអ៊ែរ និងការធ្វើតេស្តមីស៊ីលរបស់ខ្លួន។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី Nikki Haley បាននិយាយថាវិធានការចុងក្រោយនេះជាសញ្ញាច្បាស់លាស់មួយដែលសហគមន៍អន្តរជាតិរួបរួមគ្នាក្នុងកិច្ចប្រឹងប្រែងដើម្បីបង្កើនសម្ពាធទៅលើរបបកូរ៉េខាងជើង។ ប្រទេសនៅដាច់ស្រយាលមួយនេះរងការដាក់ទណ្ឌកម្មអន្តរជាតិជាច្រើន ចាប់តាំងពីឆ្នាំ២០០៦ដោយបានកាត់ផ្តាច់ការនាំចេញភាគច្រើន និងកំណត់ការនាំចូលប្រេងផងដែរ។ អ្នកការទូតជឿជាក់ថាការដាក់ទណ្ឌកម្មនេះជាគន្លឹះសំខាន់មួយសម្រាប់ការសម្រេចរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ឱ្យផ្អាកការសាកល្បងមីស៊ីល និងនុយក្លេអ៊ែររបស់ខ្លួន និងចាប់ផ្តើមមករកការចរចាវិញផងដែរ។ ការដាក់កំហិតចុងក្រោយបំផុតមិនត្រឹមតែទៅលើប្រតិបត្តិការដឹកជញ្ជូនរបស់កូរ៉េខាងជើងនោះទេ ប៉ុន្តែរួមទាំងក្រុមហ៊ុនចិនកំពុងធ្វើពាណិជ្ជកម្មជាមួយក្រុងព្យុងយ៉ាងផងដែរ។ សូមបញ្ជាក់ផងដែរថាក្នុងបញ្ជីឈ្មោះនេះមាន១៦ក្រុមហ៊ុនដែលមានមូលដ្ឋាននៅកូរ៉េខាងជើង ក្រៅពីនេះមាន៥ក្រុមហ៊ុនបានចុះឈ្មោះនៅទីក្រុងហុងកុង ចំណែកឯ២ក្រុមហ៊ុនចុះឈ្មោះនៅចិនដីគោក ២ក្រុមហ៊ុនផ្សេងទៀតចុះឈ្មោះនៅតៃវ៉ាន់ មាន១ក្រុមហ៊ុនចុះឈ្មោះនៅប្រទេសប៉ាណាម៉ា និងមាន១ក្រុមហ៊ុនទៀតនៅប្រទេសសឹង្ហបុរី៕