ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី ០៤ ខែ មេសា ឆ្នាំ២០១៨
ប៉ូលិសបានរាយការណ៍ថាមានស្ត្រីម្នាក់បាញ់សម្លាប់មនុស្ស៣នាក់នៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន YouTube នៅភាគខាងជើងរដ្ឋកាលីហ្វ័រនីញ៉ាមុនពេលសម្លាប់ខ្លួនឯង។ យោងតាម CBS បានរាយការណ៍ថាបុរសវ័យ ៣៦ឆ្នាំម្នាក់រួចផុតពីសេចក្តីស្លាប់ ហើយដែលគេជឿថាជាមិត្តប្រុសរបស់ជនសង្ស័យ។ ចំណែកឯស្ត្រី២នាក់ផ្សេងទៀតដែលមានវ័យ៣២ឆ្នាំនិង ២៧ឆ្នាំ ត្រូវជនសង្ស័យបាញ់ក្នុងហេតុការណ៍នេះផងដែរ។ ស្នងការប៉ូលិសទីក្រុង San Bruno លោក Ed Barberini បាននិយាយថាក្រុមមន្រ្តីបានទៅដល់កន្លែងកើតហេតុនៅម៉ោង១២:៤៨នាទីម៉ោងក្នុងស្រុក។ លោកបាននិយាយថាមន្រ្តីបានឃើញថានៅកន្លែងកើតហេតុមានសភាពវឹកវរដែលមានមនុស្សជាច្រើនកំពុងភៀសខ្លួនចេញ។ លោក Barberini និយាយបន្តទៀតថាគេឃើញមានមនុស្សម្នាក់រងបួសដោយគ្រាប់កាំភ្លើងនៅមុខការិយាល័យកណ្តាលរបស់ក្រុមហ៊ុន YouTube។ រយៈពេលប៉ុន្មាននាទីក្រោយមកមន្រ្តីប៉ូលិសបានរកឃើញសពស្ត្រីម្នាក់ដែលទំនងជាបាញ់សម្លាប់ខ្លួនឯង។ ជនរងគ្រោះ២នាក់ទៀត ក្រោយមកក៏ត្រូវគេរកឃើញនៅក្បែរសហគ្រាសនោះផងដែរ។ ប៉ូលិសនិយាយថាជនសង្ស័យប្រដាប់ដោយកាំភ្លើង និងអត្តសញ្ញាណរបស់នាងមិនទាន់បង្ហាញនៅឡើយទេ។ បុគ្គលិកម្នាក់នៅភោជនីយដ្ឋានអាហារមួយនៅក្បែរនោះបានប្រាប់ទៅស្ថានីយ៍ KTVU Fox ថាគាត់បានព្យាបាលស្ត្រីវ័យក្មេងម្នាក់ដែលរងរបួសជើងដោយសារគ្រាប់កាំភ្លើង។ គាត់និយាយថាគាត់បានយកសំលៀកបំពាក់ធ្វើជាក្រណាត់ចងឃាត់ឈាមចងរឹតបណ្តោះអាសន្នសិនខណៈពួកគេរង់ចាំអ្នកជួយសង្គ្រោះមកដល់។ មានមនុស្សប្រមាណ១,៧០០នាក់ ធ្វើការនៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន YouTube។ ក្រុមហ៊ុននេះគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនយក្ស Google និងមាននិយោជកច្រើនបំផុតនៅក្នុងតំបន់នេះ។ រូបភាពដែលចាក់ផ្សាយនៅលើស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកបានបង្ហាញថា បុគ្គលិកបានចាកចេញដោយលើកដៃឡើងលើ។ រូបភាពផ្សេងទៀតបានបង្ហាញពីជនជម្លៀសខ្លួនទាំងអស់ តំរៀបជាជួរមុនពេលប៉ូលិសឆែកឆេរ។ វីដេអូដែលថតដោយឧទ្ធម្ភាគចក្រនៅក្បែរនោះបានបង្ហាញថាទ្វារកញ្ចក់មួយបែកចំផ្ទៃកណ្តាល និងបំណែកកញ្ចក់ពាសពេញដីនៅខាងក្រៅផងដែរ។ ក្នុងហេតុការណ៍នេះមានអ្នករបួស៣នាក់ត្រូវគេបញ្ជូនទៅមន្ទីរពេទ្យ Zuckerberg San Francisco។ ក្រុមមន្រ្តីបាននិយាយថាស្ត្រីវ័យ៣២ឆ្នាំមានស្ថានភាពធ្ងន់ធ្ងរ និងស្រ្តីវ័យ២៧ឆ្នាំមានស្ថានភាពជាធម្មតាដែលមិនល្អមិនអាក្រក់នោះទេ។ លោក Barberini និយាយថាមនុស្សទី៤ដែលបានបញ្ជូនទៅមន្ទីរពេទ្យដោយរងរបួសកជើង ខណៈដែលកំពុងព្យាយាមគេចខ្លួនពីកន្លែងកើតហេតុផងដែរ។ អ្នកនាំពាក្យរបស់ YouTube លោក Chris Dale បានសរសើរការឆ្លើយតបរបស់ប៉ូលិសចំពោះហេតុការណ៍នេះ។ លោកក៏បាននិយាយថាថ្ងៃនេះវាហាក់ដូចជាសហគមន៍ទាំងមូលរបស់ YouTube ហើយបុគ្គលិកទាំងអស់សុទ្ធតែជាជនរងគ្រោះក្នុងឧក្រិដ្ឋកម្មនេះ។ ដួងចិត្តរបស់យើងសូមបង្ហាញទៅដល់អ្នករងគ្រោះនៅក្នុងការវាយប្រហារមួយនេះ។ បុគ្គលិកការិយាល័យកណ្តាលរបស់ក្រុមហ៊ុន YouTube ជាច្រើននាក់បានបង្ហោះព័ត៌មាននៅបណ្តាញ Tweeter អំពីការវាយប្រហារនៅពេលកំពុងកើតហេតុ។ អ្នកគ្រប់គ្រងផលិតផល YouTube លោក Todd Sherman បាននិយាយនៅលើបណ្តាញសង្គម Tweeter ថាមនុស្សបានជម្លៀសខ្លួនចេញពីអាគារដោយភាពភ័យរន្ធត់ នៅពេលដែលការបាញ់ប្រហារបានផ្ទុះឡើង។ បុគ្គលិកម្នាក់ទៀតឈ្មោះ Vadim Lavrusik បានសរសេរនៅក្នុងបណ្តាញសង្គម Tweeter ថាគាត់ត្រូវបានគេរារាំងនៅក្នុងបន្ទប់ជាមួយបុគ្គលិកផ្សេងទៀត។ ក៏ប៉ុន្តែក្រោយមកគាត់ក៏ត្រូវបានគេជម្លៀសចេញផងដែរ។ ចំណែកឯលោក ត្រាំ ក៏បាននិយាយអំពីហេតុការណ៍នេះនៅលើ Tweeter របស់លោកផងដែរ៕