ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០១៨
មជ្ឈមណ្ឌលព័ត៌មានសន្តិសុខប្រកាសនៅថ្ងៃពុធនេះថា សមាជិករដ្ឋអ៊ីស្លាម ៦នាក់ត្រូវសម្លាប់នៅក្នុងប្រតិបត្តិការចំនួនពីរដែលបានធ្វើឡើងនៅក្នុងខេត្ត Salahuddin។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់លោកឧត្តមសេនីយ៍ Yehia Rasool ដែលជាអ្នកនាំពាក្យមជ្ឈមណ្ឌលព័ត៌មានសន្តិសុខនិយាយថា កងសន្តិសុខនៃបញ្ជាការប្រតិបត្តិការខេត្ត Salahuddin ចាប់ផ្តើមប្រតិបត្តិការនៅឯភ្នំ Khanouqa ក៏ដូចជាតំបន់ Al-Jazarat និងតំបន់ al-Hawi។
យោងតាមលោក Rasool ឲ្យដឹងថាពួកទាហានសហការជាមួយកងយោធាយន្ដហោះដើម្បីសម្លាប់សមាជិក IS ៤នាក់នៅឯភ្នំ Khanouqa ។ លោកប្រាប់ឲ្យដឹងទៀតថា សកម្មប្រយុទ្ធ២នាក់ផ្សេងទៀតត្រូវសម្លាប់ដោយប៉ូលិសក្រុង Tikrit។ គួរបញ្ជាក់ថា ពួកសកម្មប្រយុទ្ធ IS រាប់ពាន់នាក់ក៏ដូចជាជនស៊ីវិលអ៊ីរ៉ាក់ត្រូវសម្លាប់ចាប់តាំងពីយុទ្ធនាការរបស់រដ្ឋាភិបាលដែលគាំទ្រដោយកងយោធា និងក្រុមចម្រុះបានចាប់ផ្តើមកាលពីខែតុលាឆ្នាំ ២០១៦ ដើម្បីប្រយុទ្ធប្រឆាំងក្រុមសកម្មប្រយុទ្ធ។
បើយោងតាមតួលេខគ្រោះថ្នាក់ដែលចេញផ្សាយដោយបេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសអ៊ីរ៉ាក់បានឲ្យដឹងថាជនស៊ីវិល និងប៉ូលិសអ៊ីរ៉ាក់សរុបទាំងអស់១០៤នាក់ត្រូវសម្លាប់ ខណៈ១៧៧នាក់ផ្សេងទៀតរងរបួសនៅក្នុងអំពើភេរវកម្ម អំពើហិង្សា និងជម្លោះប្រដាប់អាវុធនៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីខែមីនាកន្លងមកនេះ៕