ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០១៨
នៅថ្ងៃសុក្រយន្តហោះយោធារបស់អ៊ីស្រាអែលទម្លាក់លិខិតប័ណ្ណជំរុញឱ្យប្រជាជនប៉ាឡេស្ទីនស្នាក់នៅឲ្យឆ្ងាយពីរបងព្រំដែនរវាង Gaza-Israel ។ ពួកគេថែមទាំងព្រមានថា អ្នកទាំងនោះនឹងមានគ្រោះថ្នាក់ដល់ជីវិត ប្រសិនបើពួកគេនៅតែធ្វើតាមការណែនាំរបស់អ្នកចាត់ចែងការតវ៉ាប្រចាំសប្ដាហ៍របស់ក្រុម Hamas នេះយោងតាមប្រភពសេចក្តីរាយការណ៍របស់ AP ។ លិខិតប័ណ្ណត្រូវគេទម្លាក់លើក្បួនដើរទ្រង់ទ្រាយធំទី ០៤ ចាប់តាំងពីថ្ងៃទី ៣០ ខែមីនា។ ក្នុងរយៈពេលបីសប្តាហ៍ចុងក្រោយនេះ ជនជាតិប៉ាឡេស្ទីនចំនួន ២៨ នាក់ស្លាប់ និងរាប់រយ នាក់ផ្សេងទៀតរងរបួសដោយសារកងទ័ពអ៊ីស្រាអែលបាញ់នៅរបងព្រំដែន។យោធានិយាយថា ពួកគេកំពុងការពារព្រំដែនរបស់ប្រទេសអ៊ីស្រាអែល ហើយកងទ័ពរួមទាំងអ្នកបាញ់តម្រង់ គោលដៅទៅលើតែអ្នកបំផុសគំនិតប៉ុណ្ណោះ។ អ៊ីស្រាអែលចោទក្រុម Hamas ថាប្រើការតវ៉ា ទ្រង់ទ្រាយធំជាខែលសម្រាប់ការវាយប្រហារ៕
