ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៨
ប្រភពសន្តិសុខពីបញ្ជាការប្រតិបត្តិការនិយាយកាលពីថ្ងៃចន្ទនេះថាមនុស្ស ៣ នាក់ស្លាប់ និងរងរបួសនៅក្នុងហេតុការបំផ្ទុះគ្រាប់បែកមួយនៅភាគខាងលិចខេត្តអាន់បា។ ប្រភពនេះប្រាប់សារព័ត៌មាន BasNews ថាការផ្ទុះនេះកើតចេញពីសំណល់នៃសង្រ្គាមរដ្ឋអ៊ីស្លាមដែលកើតឡើងខណៈដែលជនស៊ីវិលមួយក្រុមបានធ្វើដំណើរឆ្លងកាត់អគារលំនៅដ្ឋានស្ថិតនៅក្នុងតំបន់ al-Ebeidi ក្នុងក្រុង Qaim ភាគខាងលិចខេត្តអាន់បាក្បែរព្រំដែនប្រទេសស៊ីរី ខណៈជនស៊ីវិលម្នាក់ស្លាប់ និង២នាក់ផ្សេងទៀតរងរបួស។
ប្រភពដដែលប្រាប់ឲ្យដឹងទៀតថាកងកម្លាំងសន្តិសុខរឹបអូសផ្លូវរូងក្រោមដីចំនួន ៣ កន្លែងដែលលាតសន្ធឹងពីតំបន់ al-Karabla ក្នុងទីក្រុង Qaim។ បើយោងតាមតួលេខគ្រោះថ្នាក់របស់បេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសអ៊ីរ៉ាក់ឲ្យដឹងថាជនស៊ីវិល និងប៉ូលិសអ៊ីរ៉ាក់សរុប ១០៤ នាក់ត្រូវសម្លាប់ ខណៈ ១៧៧ នាក់ផ្សេងទៀតរងរបួសនៅក្នុងអំពើភេរវកម្ម អំពើហិង្សា និងជម្លោះប្រដាប់អាវុធនៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីខែមីនាកន្លងមក។ ចំណែកឯជនស៊ីវិលសរុប ៣,២៩៨ នាក់ត្រូវសម្លាប់ និង៤,៧៨១នាក់ ទៀតរងរបួសកាលពីឆ្នាំ២០១៧កន្លងមក៕
