សមាជិករដ្ឋអ៊ីស្លាម និងបុគ្គលិកសន្តិសុខ ១២ នាក់ស្លាប់នៅភាគខាងលិចខេត្ត Kirkuk

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨

ប្រភពព័ត៌មាននិយាយកាលពីថ្ងៃអង្គារនេះថា សមាជិកអ៊ីស្លាម និងបុគ្គលិកសន្តិសុខ១២នាក់ត្រូវសម្លាប់នៅភាគខាងលិចខេត្ត Kirkuk។ ថ្លែងទៅកាន់សារព័ត៌មាន AlSumaria លោក Wasfi al-Aassi មេបញ្ជាការកងពលតូចរំដោះទីក្រុង Hawija នៃកម្លាំង al-Hashd al-Shaabi ឬហៅម្យ៉ាងទៀតថាកងកម្លាំងចលនានិយមនិយាយថាការវាយប្រហារដោយសមាជិករដ្ឋអ៊ីស្លាមគឺសំដៅទៅលើកងកម្លាំងចលនានិយមដែលស្ថិតនៅក្នុងភូមិ Nawafel នៃទីក្រុង Al-Rashad ភាគនិរតីខេត្ត Kirkuk ដោយបណ្តាលឲ្យមេដឹកនាំម្នាក់ស្លាប់ និងបុគ្គលិក៥នាក់ផ្សេងទៀតរងរបួស។

លោក Aassi ប្រាប់ឲ្យដឹងទៀតថាកងសន្តិសុខបញ្ជូនជនរងគ្រោះទៅកាន់នាយកដ្ឋានកោសល្យវិច័្ចយ ខណៈដែលអ្នករងរបួសត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះដើម្បីព្យាបាល។ ប្រភពដដែលនេះប្រាប់សារព័ត៌មាន AlSumaria ថាកងកម្លាំងរួមគ្នានៃប៉ូលិសសហព័ន្ធ និងកងពលតូចលេខ ១៦ នៃកងកម្លាំងចលនានិយមបានអនុវត្តប្រតិបត្តិការមួយដោយបានសម្លាប់សមាជិក IS ៦នាក់នៅជិតភូមិមួយក្នុងទីក្រុង al-Dibs។

គួរបញ្ជាក់ថារដ្ឋអ៊ីស្លាមនៅតែបន្តធ្វើការវាយប្រហារយូរម្តងៗនៅទូទាំងប្រទេសអ៊ីរ៉ាក់ប្រឆាំងនឹងកងទ័ព។ របាយការណ៍សន្តិសុខបង្ហាញថាក្រុមសកម្មប្រយុទ្ធនៅតែមានការគំរាមកំហែងប្រឆាំងនឹងស្ថេរភាពនៅក្នុងប្រទេសនេះ។ បើយោងតាមតួលេខគ្រោះថ្នាក់របស់បេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសអ៊ីរ៉ាក់ឲ្យដឹងថាជនស៊ីវិល និងប៉ូលិសអ៊ីរ៉ាក់សរុប ១០៤ នាក់ត្រូវសម្លាប់ ខណៈ១៧៧នាក់ផ្សេងទៀតរងរបួសនៅក្នុងអំពើភេរវកម្ម អំពើហិង្សា និងជម្លោះប្រដាប់អាវុធនៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីខែមីនាកន្លងមក។ ចំណែកឯជនស៊ីវិលសរុប ៣,២៩៨នាក់ត្រូវបានសម្លាប់ និង៤,៧៨១នាក់ ទៀតរងរបួសកាលពីឆ្នាំ២០១៧កន្លងមក៕

LEAVE A REPLY

Please enter your comment!
Please enter your name here