ប្រភពព័ត៌មាន TASS ចុះផ្សាយថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១៨
រដ្ឋាភិបាលប្រទេសអាហ្វហ្គានីស្ថានមិនទាន់ទទួលបានការឆ្លើយតបពីក្រុម Taliban លើសំណើមួយដើម្បីចាប់ផ្តើមកិច្ចពិភាក្សាដោយផ្ទាល់នោះទេ ប៉ុន្តែលោករំពឹងថានឹងទទួលបានការឆ្លើយតបពីក្រុមនោះ នេះយោងតាមប្រភពទីប្រឹក្សារបស់ប្រធានាធិបតីលោក Mohammad Hanif Atmar ប្រាប់ភ្នាក់ងារសារព័ត៌មាន TASS នៅថ្ងៃពុធ។
លោកបន្តថា លោកមិនទាន់ទទួលបានចម្លើយពីក្រុម Taliban ទេ ប៉ុន្តែលោករំពឹងថានឹងទទួលបានផលវិជ្ជមាន ហើយពួកគេនឹងឆ្លើយតបនៅពេលឆាប់ៗនេះ។ នៅពេលគេសួរថាប្រសិនបើការចរចាអាចធ្វើឡើងក្នុងទីក្រុងម៉ូស្គូ លោកសង្កត់ធ្ងន់ថាជម្រើសទីកន្លែងគឺជាបញ្ហាទីពីរ។ នៅចុងខែកុម្ភៈ ប្រធានាធិបតីប្រទេសអាហ្វហ្គានីស្ថានលោក Ashraf Ghani អំពាវនាវឲ្យមានកិច្ចពិភាក្សាជាមួយក្រុមដែលជាការស្នើសុំកិច្ចពិភាក្សាដោយគ្មានលក្ខខ័ណ្ឌណាមួយ។
លោកថែមទាំងប្រកាសត្រៀមខ្លួនដើម្បីទទួលស្គាល់ក្រុម Taliban ថាជាកម្លាំងនយោបាយស្របច្បាប់និងត្រៀមខ្លួនធ្វើបេសកកម្មផ្លូវការរបស់ខ្លួននៅក្នុងទីក្រុងកាប៊ុល។ ក្នុងសេចក្តីថ្លែងទៅកាន់សន្និសីទអន្តរជាតិស្តីពីអាហ្វហ្គានីស្ថាននៅរដ្ឋធានី Tashkent ក្នុងប្រទេស Uzbekistan នៅចុងខែមីនា រដ្ឋមន្ត្រីការបរទេសអាហ្វហ្គានីស្ថានលោក Salahuddin Rabbani សម្តែងក្តីសង្ឃឹមថា ការចរចាផ្ទាល់ជាមួយក្រុម Taliban នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ៕









