ប្រភពព័ត៌មាន TASS ចុះផ្សាយថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១៨
គ្រាប់ម៉ីស៊ីលត្រូវគេបាញ់ទម្លាក់នៅទីតាំងចំនួន ០៥ ផ្សេងគ្នា នេះយោងតាមប្រភពព័ត៌មានពី មន្ត្រីជាន់ខ្ពស់របស់អគ្គសេនាធិការ។ប្រព័ន្ធការពារអាកាសរបស់ប្រទេសស៊ីរ៉ីបាញ់ទម្លាក់គ្រាប់ម៉ីស៊ីលចំនួន ៤៦ គ្រាប់ ដែលបាញ់ ដោយសហរដ្ឋអាមេរិក និងកម្លាំងសម្ព័ន្ធមិត្តរបស់ពួកគេដើម្បីប្រឆាំងនឹងក្រុង Damascus និងតំបន់ជាយក្រុងនៅថ្ងៃទី ១៤ ខែមេសា យោងតាមប្រភពព័ត៌មានពីនាយសេនាធិការយោធារុស្ស៊ីលោក Sergei Rudskoi និយាយនៅថ្ងៃពុធ។
លោកបន្តថា ទិន្នន័យកត់ត្រាពីប្រព័ន្ធការពារដែនអាកាស និងពីឈ្លបយកការណ៍ដែលលោកទទួលបាននោះបង្ហាញថា ប្រព័ន្ធមីស៊ីលបាញ់ពីដីទៅអាកាសប្រភេទ Pantsyr, Osa, Strela-10, Buk, Kvadrat និង S-125 បានការពាររាជធានីប្រទេសស៊ីរី ហើយប្រព័ន្ធ Duvali, Dumayr, Bley និង Mezze នៅមូលដ្ឋានទ័ពអាកាសស៊ីរីបំផ្លាញគ្រាប់មីស៊ីលធុនស្រាលចំនួន ៤៦ គ្រាប់ ។មើលលើកម្លាំងហើររបស់គ្រាប់មីស៊ីល និងមើលសមត្ថភាពរបស់ប្រព័ន្ធការពារម៉ីស៊ីលអាកាសរបស់ប្រទេសស៊ីរី មីស៊ីលទាំងនោះត្រូវគេបំផ្លាញនៅក្នុងតំបន់ផ្សេងគ្នាចំនួនប្រាំដោយតំបន់ចំនួនបីក្នុងនោះស្ថិតនៅភាគខាងលិចនៃក្រុង Damascus និងពីរផ្សេងទៀតស្ថិត នៅភាគខាងកើតរដ្ឋធានីស៊ីរី។
ការវាយប្រហារប្រើគ្រាប់ម៉ីស៊ីលប្រឆាំងនឹងប្រទេសស៊ីរ៉ី នៅថ្ងៃទី ១៤ ខែមេសា សហរដ្ឋអាមេរិចសហការជាមួយចក្រភពអង់គ្លេស និងប្រទេសបារាំង ធ្វើការវាយប្រហារដោយប្រើគ្រាប់ម៉ីស៊ីលប្រឆាំងស៊ីរីដោយគ្មានការអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។យោងតាមទិន្នន័យរបស់ក្រសួងការបរទេសរុស្ស៊ី គ្រាប់មីស៊ីលទាំងនោះវាយប្រហារមជ្ឈមណ្ឌលស្រាវជ្រាវមួយនៅក្រុង Damascus ទីស្នាក់ការនៃឆ្មាំសាធារណរដ្ឋការពារមូលដ្ឋានអាកាស អាកាសយានដ្ឋានយោធា និងឃ្លាំងកងទ័ព។ ក្រសួងការពារប្រទេសរបស់ប្រទេសរុស្ស៊ីរាយការណ៍ថា ការវាយប្រហារកើតឡើងចាប់ពីម៉ោង ០៣:៤២ ដល់ ០៥:១០ នាទី ម៉ោងក្នុងស្រុក។
ប្រព័ន្ធការពារផ្លូវអាកាសរបស់ស៊ីរីបាញ់ទម្លាក់ គ្រាប់មីស៊ីលចំនួន ៧១ គ្រាប់ក្នុងចំណោមគ្រាប់ផ្លោងចំនួន ១០៣ គ្រាប់។ ជនស៊ីវិលចំនួន ០៣ នាក់រងរបួសក្នុងការវាយប្រហារនោះ។ គេឃើញគ្រាប់មីស៊ីលយ៉ាងច្បាស់ចេញពីមូល ដ្ឋានយោធា Tartus និង Hmeymim របស់ប្រទេសរុស្ស៊ី ហើយគ្មានការប្រើប្រាស់ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសរុស្ស៊ីនោះទេ។ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសបារាំងអះអាងថា ការវាយប្រហារតាមអាកាស នេះជាការឆ្លើយតបទៅនឹងការវាយប្រហារអាវុធគីមីនៅក្រុង Douma ក្នុងប្រទេសស៊ីរ៉ី។ នៅថ្ងៃទី ០៧ ខែមេសា អង្គការក្រៅរដ្ឋាភិបាលមួយចំនួន រួមទាំងអង្គភាព White Helmets អះអាងថា អាវុធគីមីត្រូវបានយកទៅប្រើប្រាស់នៅភាគខាងកើតតំបន់ Ghouta ក្នុងក្រុង Douma ។
យោងតាមសេចក្ដីថ្លែងការណ៍ចេញផ្សាយលើគេហទំព័ររបស់អង្គការនេះនៅថ្ងៃទី ០៨ ខែមេសា បញ្ជាក់ឲ្យដឹងថាគ្រាប់បែកក្លរួត្រូវគេទម្លាក់នៅលើទីក្រុងសម្លាប់មនុស្សរាប់សិបនាក់ និងបំពុលអ្នកស្រុកជាច្រើន ដែលត្រូវនាំយកទៅមន្ទីរពេទ្យ។ ក្រសួងការបរទេសរុស្ស៊ី ច្រានចោលរបាយការណ៍នោះថា ជាព័ត៌មានក្លែងក្លាយ។ ក្រសួងការពារជាតិរុស្ស៊ីបន្ថែមថា អង្គភាព White Helmets មានភាពល្បីល្បាញដោយសារការផ្សព្វផ្សាយរឿងមិនពិត។អ្នកតំណាងមជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការផ្សះផ្សាផ្នែកប្រយុទ្ធធ្វើការស៊ើបអង្កេតនៅក្រុង Douma នៅថ្ងៃទី ០៩ ខែមេសា ប៉ុន្តែរកមិនឃើញស្នាមដាននៃការប្រើប្រាស់អាវុធគីមីទេ៕