ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨
ប្រភពសន្តិសុខនិយាយថាជនស៊ីវិលម្នាក់បានរងរបួសកាលពីថ្ងៃអាទិត្យនេះនៅក្នុងហតុការណ៍បំផ្ទុះគ្រាប់បែកក្នុងរថយន្តដែលស្ថិតនៅភាគខាងជើងរាជធានីបាដាដ។ ថ្លែប្រាប់ទៅកាន់សារព័ត៌មាន Alghad Press ប្រភពនិយាយថាគ្រាប់បែកមួយគ្រាប់បានដាក់នៅក្នុងឡានមួយហើយវាបានផ្ទុះឡើងស្ថិតនៅសង្កាត់ Bub al-Sham ភាគខាងជើងរាជធានីបាដាដដោយបានបណ្តាលឲ្យអ្នកបើកបរម្នាក់រងរបួស។
ប្រភពប្រាប់ឲ្យដឹងទៀតថាកងកម្លាំងសន្តិសុខបានហ៊ុមព័ទ្ធកន្លែងកើតហេតុ និងធ្វើការស៊ើបអង្កេតទៅលើហេតុការណ៍នេះ។ ចំណែកឯជនរងគ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះដើម្បីព្យាបាល។ គួរបញ្ជាក់ថាយោងតាមតួលេខអ្នកស្លាប់ចុងក្រោយដែលបានកត់ត្រាដោយបេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសអ៊ីរ៉ាក់ឲ្យដឹងថា ជនស៊ីវិលអ៊ីរ៉ាក់ និងប៉ូលិសសរុប១០៤នាក់ត្រូវសម្លាប់ និង១៧៧នាក់ផ្សេងទៀតរងរបួសនៅក្នុងអំពើភេរវកម្ម អំពើហិង្សា និងជម្លោះប្រដាប់អាវុធនៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីខែមីនាកន្លងមកនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍ប្រចាំខែរបស់ខ្លួនដែលបានចេញផ្សាយកាលពីដើមខែនេះទីភ្នាក់ងារអង្គការសហប្រជាជាតិនិយាយថាចំនួនជនស៊ីវិល៨៤នាក់ត្រូវសម្លាប់រាប់បញ្ចូលទាំងប៉ូលិស ខណៈ ១៦៤នាក់ផ្សេងទៀតរងរបួស។ រាជធានីបាដាដទទួលរងការប៉ះពាល់ខ្លាំងជាងគេដោយមានជនស៊ីវិល១២៤នាក់ស្លាប់ និងរបួស (៣៣ នាក់ស្លាប់ និង៩១នាក់រងរបួស) បន្ទាប់មកទៀតគឺខេត្ត Salahuddin ដែលមានមនុស្ស១២នាក់ស្លាប់ និង២៦នាក់រងរបួស និងខេត្តចុងក្រោយគឺខេត្ត Anbar ដោយមានមនុស្ស១១នាក់ស្លាប់ និង២២នាក់រងរបួស។ បើទោះបីជាមានការបំផ្ទុះគ្រាប់បែកជាប្រចាំដោយភាគច្រើនមិនមានការទទួលខុសត្រូវក៏ដោយ ប៉ុន្តែគេគិតថាភាគច្រើនក្រុមរដ្ឋអ៊ីស្លាមស្ថិតនៅពីក្រោយនៃការបំផ្ទុះទាំងនេះ៕
