ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០១៨
យន្ដហោះយោធារុស្ស៊ីមួយគ្រឿងធ្លាក់នៅលើឆ្នេរសមុទ្រ Latakia របស់ប្រទេសស៊ីរី ។ ការធ្លាក់នេះសម្លាប់អ្នកបើកបរចំនួនពីរនាក់ នេះយោងតាមការបញ្ជាក់ពីក្រសួងការពារជាតិរុស្ស៊ី ។ នៅព្រឹកថ្ងៃព្រហស្បតិ៍ យន្តហោះ Su-30SM របស់រុស្ស៊ីចុះចតនៅសមុទ្រមេឌីទែរ៉ាណេ ក្រោយពីវាហោះចេញពីមូលដ្ឋានអាកាស Khmeimim Airbase ។
អ្នកបើកយន្តហោះប្រឹងប្រែងគ្រប់គ្រងយន្តហោះរហូតដល់នាទីចុងក្រោយ នេះយោងតាមប្រភពព័ត៌មានពីក្រសួងការពារជាតិរុស្ស៊ី។ ចុងក្រោយ អ្នកបើកយន្តហោះទាំងពីរនាក់ស្លាប់ក្នុងហេតុការណ៍នេះ។ ការធ្លាក់នេះបណ្តាលមកពីបក្សីហើរចូលបុកម៉ាស៊ីនយន្តហោះ ហើយយន្ដហោះនេះពុំបានឆេះទេ។ យន្តហោះ Su-30SM គឺជាយន្តហោះចម្បាំងទីមួយក្នុងគ្រួសារ “Flankers” ដែលពេលនេះយោធាប្រទេសរុស្ស៊ីត្រូវបាត់បង់។ យន្តហោះយោធារបស់ប្រទេសរុស្ស៊ីត្រូវ គេដាក់ពង្រាយក្នុងប្រទេសស៊ីរី ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងរវាងទីក្រុង Moscow និងទីក្រុង Damascus ។
នៅឆ្នាំ ២០១៧ អាជ្ញាធររុស្ស៊ី និងស៊ីរីយល់ព្រមពន្យារវត្តមានរបស់ពួកគេ ក្រោយពីប្រធានាធិបតី លោក Vladimir Putin បញ្ជាឱ្យដកកងទ័ពសំខាន់ៗមួយចំនួនចេញពីស៊ីរី។ មូលដ្ឋានអាកាស Khmeimim Airbase ស្ថិតនៅជិតតំបន់ Latakia និងទីតាំងកង ទ័ពជើងទឹកនៅទីក្រុងកំពង់ផែ Tartus។ ទីតាំងនេះត្រូវគេប្រគល់ឱ្យប្រទេសរុស្ស៊ីគ្រប់គ្រង រយៈពេល ៤៩ ឆ្នាំ ជាមួយនឹងជម្រើសអាចបន្ថែមរយៈពេលដោយស្វ័យប្រវត្តិ៕