ប្រភពព័ត៌មានពី Reuters ចុះផ្សាយថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ២០១៨
ប្រទេសកូរ៉េខាងត្បូងលើកឡើងថាកូរ៉េខាងជើងស្នើឱ្យមានផ្លូវអាកាសថ្មីមួយសម្រាប់ឆ្លងកាត់ប្រទេសទាំង២ដោយសារទំនាក់ទំនងរវាងប្រទេសជិតខាងមានលក្ខណៈធូរស្រាលក្រោយពីមានកិច្ចប្រជុំដ៏ល្អមួយរបស់មេដឹកនាំប្រទេសទាំងពីរនៅខែមុន។ ក្នុងកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រដែលមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន យល់ស្របបញ្ចប់អរិភាពយោធាប្រឆាំងនឹងកូរ៉េខាងត្បូងលើគ្រប់វិស័យទាំងអស់រួមទាំងតាមដែនអាកាស និងផ្លាស់ប្តូរជាមួយប្រទេសកូរ៉េខាងត្បូងដែលកំពុងធ្វើសង្គ្រាមបច្ចេកទេសជាមួយក្រុងព្យុងយ៉ាង។ នាយកដឹកនាំទីភ្នាក់ងារអាកាសចរណ៍របស់អង្គការសហប្រជាជាតិនឹងធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើងក្នុងសប្តាហ៍នេះដើម្បីពិភាក្សាលើការស្នើសុំរបស់ក្រុងព្យុងយ៉ាងដើម្បីបើកផ្លូវហោះហើរថ្មីទៅកូរ៉េខាងត្បូង។ ទូរទស្សន៍ជប៉ុន NHK និយាយថាមន្រ្តីទីភ្នាក់ងារ២នាក់ទៅដល់ព្រលានយន្តហោះក្រុងប៉េកាំងនៅថ្ងៃចន្ទ តាមផ្លូវទៅកាន់ទីក្រុងព្យុងយ៉ាងដោយម្នាក់ក្នុងចំណោមពួកគេនិយាយថាពួកគេនឹងពិភាក្សាពីសុវត្ថិភាពផ្លូវហោះហើរជាមួយប្រទេសកូរ៉េខាងជើង។ នៅខែតុលា ទីភ្នាក់ងារនេះធ្លាប់ថ្កោលទោសប្រទេសកូរ៉េខាងជើងចំពោះការបាញ់មីស៊ីលផ្លោងដែលគំរាមកំហែងដល់សុវត្ថិភាពអាកាសចរណ៍ស៊ីវិលអន្តរជាតិ។ ប្រសិនបើគេអនុម័តបង្កើតផ្លូវអាកាសថ្មី ផ្លូវនេះនឹងក្លាយជាផ្លូវអាកាសចរាចរសម្រាប់ជើងហោះហើរឆ្លងកាត់ដែនអាកាសរបស់ប្រទេសទាំង២ ប្រភពព័ត៌មានពីមន្រ្តីរដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូងដែលមានចំណេះដឹងនិយាយដោយផ្ទាល់លើបញ្ហានេះ។ មន្ត្រីកូរ៉េខាងត្បូងបន្ថែមថាប្រទេសកូរ៉េខាងត្បូងកំពុងពិនិត្យសំណើរបស់កូរ៉េខាងជើង និងមិនទាន់មានសម្រេចអ្វីទេ។ បណ្តាប្រទេសនានា ដូចជាចក្រភពអង់គ្លេស បារាំង អាឡឺម៉ង់ និងសហរដ្ឋអាមេរិក ផ្តល់ដំបូន្មានដល់ក្រុមហ៊ុនអាកាសចរណ៍មិនឱ្យហោះហើរក្នុងដែនអាកាសរបស់កូរ៉េខាងជើងដោយសារតែការប្រកាសបាញ់មីស៊ីលមានការគំរាមកំហែងដល់យន្ដហោះពាណិជ្ជកម្ម៕
