ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០១៨
តាមរយៈទំនាក់ទំនងតាមទូរស័ព្ទនៅថ្ងៃព្រហស្បតិ៍ លោកស្រីអធិការបតីប្រទេសអាឡឺម៉ង់ Angela Merkel ប្រាប់ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani ថាលោកស្រីគាំទ្រការរក្សា កិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ទោះបីជាមានការដកខ្លួនរបស់សហរដ្ឋអាមេរិកក៏ដោយ។
លោកស្រី Merkel បញ្ជាក់ថាកិច្ចព្រមព្រៀងនៅតែមានអំណាចប្រសិនបើក្រុង Tehran បន្តគាំទ្រកិច្ចព្រមព្រៀងនោះ។មេដឹកនាំប្រទេសអាឡឺម៉ង់អំពាវនាវឱ្យមានការចរចាក្នុងទ្រង់ទ្រាយទូលំទូលាយលើកម្មវិធីមីស៊ីលផ្លោងរបស់ប្រទេសអ៊ីរ៉ង់ និងសកម្មភាពរបស់ប្រទេសអ៊ីរ៉ង់ក្នុង ប្រទេសស៊ីរី តំបន់ Yemen និងកន្លែងផ្សេងទៀត។ លោក Rouhani ធានាដល់លោកស្រី Merkel ថាប្រទេសនេះមិនបង្កើនភាពតានតឹងនៅប្រទេសមជ្ឈឹមបូព៌ាទេ និងកំពុងធ្វើការដើម្បី លើកកម្ពស់ស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់ ។
លោក Rouhani មានប្រសាសន៍ថា ប្រទេសអ៊ីរ៉ង់បង្កើតឱ្យមានសន្តិសុខទាក់ទងនឹងប្រទេសស៊ីរី និងរក្សាកម្រិតស្ថេរភាពល្អក្នុង ប្រទេសអ៊ីរ៉ាក់ ដែលជាផលប្រយោជន៍របស់សហគមន៍អន្តរជាតិទាំងមូលរួមទាំងអឺរ៉ុបផង ។ គួរបញ្ជាក់ផងដែរថា នៅថ្ងៃព្រហស្បតិ៍រដ្ឋាភិបាលប្រទេសអ៊ីរ៉ង់ចេញសេចក្តីថ្លែងការណ៍មួយ ដោយរំលឹកឡើងវិញថាក្រុង Tehran នឹងបន្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។
ការបន្តនេះរង់ចាំការចរចាស្តីពីអនាគតកិច្ចព្រមព្រៀងជាមួយប្រទេសហត្ថលេខីផ្សេងទៀតមានប្រទេស រុស្ស៊ី ចិន ចក្រភពអង់គ្លេស អាឡឺម៉ង់ និងសហភាពអឺរ៉ុប។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសអ៊ីរ៉ងសង្កត់ធ្ងន់ថា គ្មានផ្នែកណាមួយក្នុងកិច្ចព្រមព្រៀងឆ្នាំ ២០១៥ ត្រូវលើកយកមកចរចានោះទេ៕
