ប្រភពព័ត៌មាន reuters ចុះផ្សាយថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០១៨
ក្រុមមន្ត្រីនិយាយនៅថ្ងៃសុក្រថា យុទ្ធជនតាលីបង់វាយប្រហារមូលដ្ឋានអាហ្វហ្គានីស្ថាន នៅភាគខាងលិចខេត្ត Farah សម្លាប់ក្រុមប៉ូលិសច្រើនជាង ៣០ នាក់ នេះយោងតាមប្រភពព័ត៌មានពីមន្រ្តី។ ប្រធានក្រុមប្រឹក្សាខេត្ត Farah លោក Farid Bakhtawar មានប្រសាសន៍ថា ក្រុមអ្នកប្រយុទ្ធវាយលុកមូលដ្ឋានប៉ូលិសមួយនៅស្រុក Balabuluk សម្លាប់មនុស្សយ៉ាងហោចណាស់ ២៣ នាក់ និងបង្ករឲ្យមនុស្សរងរបួស ០៣ នាក់។
ការវាយប្រហារមួយផ្សេងទៀតកើតឡើងក្នុងទីក្រុង Farah។ ក្រុមប្រយុទ្ធតាលីបង់សម្លាប់ប៉ូលិសចំនួន ១១ នាក់ និងរឹបអូសបរិក្ខាដ៏ច្រើន។ អំពើហឹង្សាចុងក្រោយបង្អស់បញ្ជាក់ពីកម្រិតសម្ពាធដោលប្រធានាធិបតីប្រទេសអាហ្វហ្គានីស្ថានរិះគន់យ៉ាងខ្លាំងចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងរដ្ឋធានី Kabul ។ សបា្ដហ៍មុនពួកយុទ្ធជនតាលីបង់ដែលប្រឈមនឹងការគ្រប់គ្រងរបស់ រដ្ឋាភិបាលចំនួនស្ទើរតែពាក់កណ្តាលប្រទេសរឹបអូសយកស្រុកមួយនៅភាគខាងជើងខេត្ត Baghlan និងធ្វើការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីតំបន់ Faryab ទៅតំបន់ Ghazni ខាងត្បូងក្រុងកាប៊ុល Kabul។
តំបន់នេះជាផ្លូវរត់ពន្ធសំខាន់ៗពីខេត្ត Helmand ទៅកាន់ប្រទេសអ៊ីរ៉ង់ ដែលជាប្រភពតំបន់ដាំដំណាំអាភៀនក្នុងប្រទេសអាហ្វហ្គានីស្ថាន។ កងកម្លាំងពិសេសរបស់ប្រទេសអាហ្គានីស្ថានគាំទ្រដោយកងកម្លាំងអាកាសចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធគ្នា ប៉ុន្តែពួកគេមិនអាចទប់ស្កាត់ការវាយប្រហារម្តងហើយម្តងទៀតពីក្រុមបះបោរនោះទេ៕
