ប្រភពព័ត៌មានពី Reuters ចុះផ្សាយថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ២០១៨
អ្នកតវ៉ាជាជនជាតិប៉ាឡេស្ទីននៅតាមព្រំដែនហ្គាហ្សា និងអ៊ីស្រាអែលមានចំនួនធ្លាក់ចុះក្នុងរយៈពេល២ថ្ងៃនេះដោយពួកមន្ត្រីអេហ្ស៊ីបធ្វើអន្តរាគមន៍ដើម្បីស្ដារភាពស្ងប់ស្ងាត់ឡើងវិញ។ ការអន្តរាគមន៍នេះធ្វើឡើងបន្ទាប់ពីប្រជាជនប៉ាឡេស្ទីនរាប់សិបនាក់ត្រូវអ៊ីស្រាអែលបាញ់សម្លាប់។ ចលនា Hamas អ៊ីស្លាមនិយមនៅតំបន់កាហ្សាបដិសេធថាពុំមានការគាបសង្កត់ពីប្រទេសអេហ្ស៊ីបដែលនៅជិតខាងដើម្បីកាត់បន្ថយការធ្វើបាតុកម្មរយៈពេល៦សប្តាហ៍នោះទេហើយពូកគេបន្ថែមថានឹងបន្តការតវ៉ាបើទោះបីជាប្រមូលបានប្រជាជនប៉ាឡេស្ទីនមានចំនួនតិចជាងនេះក៏ដោយ។ ក្រុមគ្រូពេទ្យប៉ាឡេស្ទីននិយាយថាជនជាតិប៉ាឡេស្ទីន២នាក់ត្រូវគេបាញ់សម្លាប់ក្នុងបាតុកម្មនៅថ្ងៃអង្គារនៅតាមបណ្តោយព្រំដែនដែលមានចម្ងាយ៥១គីឡូម៉ែត្រ។ នៅថ្ងៃចន្ទមានមនុស្ស៦០នាក់ត្រូវគេសម្លាប់នៅថ្ងៃដែលសហរដ្ឋអាមេរិកប្តូរទីតាំងស្ថានទូតអ៊ីស្រាអែលទៅកាន់ក្រុងយេរ៉ូសាឡឹម។ ថ្ងៃដ៏ល្វីងជូរចត់បំផុតសម្រាប់ជនជាតិប៉ាឡេស្ទីនក្នុងរយៈពេលជាច្រើនឆ្នាំបង្កើតវិបត្តិការទូតមួយ។ អាជ្ញាធរប៉ាឡេស្ទីននិយាយថាក្រុងវ៉ាស៊ីនតោនបោះបង់តួនាទីរបស់ខ្លួនធ្វើជាអ្នកតំណាងអព្យាក្រឹត្យក្នុងជម្លោះ៧០ឆ្នាំ ហើយប៉ាឡេស្ទីនថែមទាំងដកបេសកជនរបស់ខ្លួនពីក្រុងវ៉ាស៊ីនតោនទៀតផង។ ប្រទេសទួរគី និងអ៊ីស្រាអែលបណ្តេញឯកអគ្គរដ្ឋទូតគ្នាទៅវិញទៅមក។ នៅថ្ងៃពុធក្រសួងការបរទេសប៉ាឡេស្ទីនប្រកាសហៅបេសកជនរបស់ខ្លួននៅក្នុងប្រទេសរ៉ូម៉ានី ប្រទេសហុងគ្រី ប្រទេសអូទ្រីស និងសាធារណរដ្ឋឆេក ដោយសារប្រទេសទាំងនោះចូលរួមក្នុងពិធីទទួលគណៈ ប្រតិភូអាមេរិកដែលសម្ពោធស្ថានទូត។ កងទ័ពអ៊ីស្រាអ៊ែលដែលមានការគាំទ្រពីរដ្ឋធានីវ៉ាស៊ីនតោនចោទប្រកាន់ក្រុម Hamas ពីបទប្រើប្រាស់ជនស៊ីវិលដើម្បីវាយប្រហារជុំវិញរបងព្រំដែន និងដើម្បីបង្វែរបញ្ហាផ្ទៃក្នុងតំបន់កាហ្សា។ ក្រុម Hamas បដិសេធចំពោះការចោទប្រកាន់នេះ៕
