ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨
អ្នកនាំពាក្យក្រសួងប្រេងអ៊ីរ៉ាក់និយាយកាលពីថ្ងៃអង្គារនេះថាប្រទេសអ៊ីរ៉ាក់នឹងចុះហត្ថលេខាលើកិច្ចសន្យានៅថ្ងៃពុធនេះជាមួយក្រុមហ៊ុនចិនដើម្បីអភិវឌ្ឍតំបន់ប្រេងនៅភាគខាងកើតនៃរាជធានីបាដាដ។ លោក Assem Jihad និយាយថាប្រទេសអ៊ីរ៉ាក់នឹងចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមហ៊ុនប្រេង ZhenHua ដើម្បីអភិវឌ្ឍតំបន់ប្រេងភាគខាងកើតរាជធានីបាដាដ។
លោកមានប្រសាសន៍ថាកិច្ចព្រមព្រៀងនេះមានបំណងជំរុញការផលិតប្រេងឲ្យបានដល់៤០,០០០ធុងក្នុងមួយថ្ងៃ ដែលមានយៈពេល៥ឆ្នាំ។ លោកបានបន្ថែមថាក្រុមហ៊ុនចិនក៏នឹងបង្កើតតំបន់លំនៅដ្ឋានដោយដាក់បញ្ចូលក្នុងតំបន់ប្រេង ហើយនឹងធ្វើការតាំងចិត្តដោយប្រើប្រាស់កម្មករអ៊ីរ៉ាក់ក្នុងកម្រិតដ៏ច្រើន។ គួរបញ្ជាក់ថាភាគីទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមលើគម្រោងនេះនៅចុងឆ្នាំ២០១៧។ ប្រទេសអ៊ីរ៉ាក់គឺជាប្រទេសដែលផលិតប្រេងដ៏ធំបំផុតទី២របស់អង្គការ OPEC បន្ទាប់ពីអារ៉ាប៊ីសាអ៊ូឌីត៕