ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨
ប្រភពសន្តិសុខនិយាយកាលពីថ្ងៃពុធនេះថាមនុស្ស ៦នាក់ត្រូវបានសម្លាប់ និងរងរបួសខណៈ សមាជិករដ្ឋអ៊ីស្លាមបានវាយប្រហារមកលើផ្ទះរបស់កុលសម្ព័ន្ធម្នាក់ស្ថិតនៅក្នុងភូមិមួយនៃភាគខាងជើងខេត្តឌីយ៉ាឡា។ ថ្លែងប្រាប់សារព័ត៌មាន Alghad ប្រភពនិយាយថាសមាជិកអ៊ីស្លាមបានវាយប្រហារមកលើផ្ទះមួយស្ថិតនៅក្នុងភូមិ Sheikh Taha al-Khaldi ដែលជាភូមិមួយស្ថិតនៅក្នុងជាយតំបន់ Jalawla ភាគខាងជើងខេត្ត Diyala ដោយប្រើប្រាស់អាវុធ និងគ្រាប់បែកដៃ។
ប្រភពព័ត៌មាននិយាយថាគ្រួសារ៣នាក់របស់ Khaldi ត្រូវសម្លាប់ ខណៈមនុស្ស៣នាក់ផ្សេងទៀតរងរបួសដោយសារការវាយប្រហារ។ យោងតាមប្រភពព័ត៌មានឲ្យដឹងថាកងកម្លាំងសន្ដិសុខបានមកដល់ភូមិកើតហេតុ ហើយធ្វើបញ្ឈប់សកម្មភាពវាយប្រហារនេះ និងបានគ្រប់គ្រងស្ថានភាពបានឡើងវិញ។ របាយការណ៍សន្តិសុខបានបង្ហាញថាក្រុមសកម្មប្រយុទ្ធនៅតែបន្តគំរាមកំហែងប្រឆាំងនឹងស្ថេរភាពនៅក្នុងប្រទេសនេះ។
យោងតាមតួលេខគ្រោះថ្នាក់ដែលកត់ត្រាដោយបេសកកម្មជំនួយអង្គការសហប្រជាជាតិសម្រាប់ប្រទេសអ៊ីរ៉ាក់បានឲ្យដឹងថាចំនួនសរុបនៃជនជាតិអ៊ីរ៉ាក់៦៨នាក់ត្រូវសម្លាប់ និង១២២នាក់ផ្សេងទៀតរងរបួសក្នុងអំពើភេរវកម្ម អំពើហិង្សា និងជម្លោះប្រដាប់អាវុធនៅក្នុងប្រទេសអ៊ីរ៉ាក់ក្នុងខែមេសាកន្លងមកនេះ។ ចំណែកឯជនស៊ីវិលសរុប ៣,២៩៨នាក់ត្រូវសម្លាប់ និង៤,៧៨១នាក់ទៀតរងរបួសកាលពីឆ្នាំ២០១៧កន្លងមក៕
