ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៩
ប្រធានាធិបតីប្រទេសទួរគី និងរុស្ស៊ីពិភាក្សាគ្នាពីបញ្ហាក្នុងប្រទេសស៊ីរី និងបញ្ហាទំនាក់ទំនងសេដ្ឋកិច្ច ជាពិសេសវិស័យថាមពលតាមរយៈទូរស័ព្ទនៅថ្ងៃអង្គារ៍ នេះបើយោងតាមប្រភពព័ត៌មានពីមន្រ្តីការិយាល័យរបស់លោក Tayyip Erdogan។ លោក Erdogan និងលោក Putin សម្តែងការពេញចិត្តចំពោះការរីកចម្រើនលើរោងចក្រនុយក្លេអ៊ែរ Akkuyu និងគម្រោងបំពង់បង្ហូរប្រេងនៅប្រទេសទួរគី។ ពួកគេក៏ពិភាក្សាពីការប្រើរូបិយប័ណ្ណក្នុងស្រុកសម្រាប់ពាណិជ្ជកម្មទ្វេភាគី។ មេដឹកនាំទាំងពីរកត់សម្គាល់ពីសារៈសំខាន់នៃសមិទ្ធិផលទាំងឡាយតាមរយៈដំណើរការ Astana ដោយបញ្ជាក់ថាវាមានលក្ខណៈចាំបាច់សម្រាប់រដ្ឋាភិបាលស៊ីរី និងក្រុមប្រឆាំងក្នុងការចាត់វិធានការស្ថាបនា និងធានាឲ្យបានថាដំណើរការនេះស្ថិតក្រោមវិសាលភាពក្របខណ្ឌអង្គការសហប្រជាជាតិ។ លោក Erdogan រំលឹកឡើងវិញពីការប្រឆាំងរបស់ប្រទេសទួរគីចំពោះការដាក់បញ្ចូលអង្គភាពការពារប្រជាជនដែលមានទំនាក់ទំនងជាមួយ PKK នៅក្នុងដំណើរការនយោបាយនេះបើយោងតាម Daily Sabah។ ប្រភពបន្ថែមថាមេដឹកនាំរុស្ស៊ី និងទួរគីព្រមព្រៀងគ្នាថាប្រទេសស៊ីរីមិនគួរក្លាយជាតំបន់ជម្លោះក្នុងជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់នោះទេ៕