ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨
អាជ្ញាធរប៉ូលិសប្រទេសបារាំងបានរារាំងការវាយប្រហារភេរវកម្មចំនួន៥លើកក្នុងឆ្នាំនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកGerard Collomb បង្ហាញតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា យ៉ាងហោចណាស់មាន២ករណី ដែលជនសង្ស័យមានគោលដៅគ្រោងទុកវាយប្រហារលើក្លឹបកំសាន្ត និងក្រុមមនុស្សស្រលាញ់ភេទដូចគ្នា។
មនុស្ស២នាក់ចោទជាក្រុមរដ្ឋអ៊ីស្លាម (IS/ISIS)ដែលមានអាយុ២១ឆ្នាំ និង២២ឆ្នាំ ត្រូវចាប់ខ្លួននៅតំបន់ភាគខាងកើត Seine-et-Marne ទីក្រុងប៉ារីស ចោទប្រកាន់កាលពីថ្ងៃអង្គារដោយចៅក្រមប្រឆាំងអំពើភេរវកម្ម ពីបទ”ក្នុងការឃុបឃិតអំពើភេរវកម្ម” ហើយស្ថិតនៅក្នុងការឃុំឃាំងរង់ចាំសវនាការ។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ (DGSI) ប្រទេសបារាំងចាត់វិធានរារាំងការវាយប្រហារដែលបានគ្រោងទុកជាមុន ដោយមានការត្រួតពិនិត្យឃ្លាំមើលតាមរយៈអ៊ីនធឺណែតនៃបណ្តាញជីហាតនិយមកាលពីថ្ងៃព្រហស្បតិ៍។
លោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃថ្លែងនៅក្នុងសាលាកងរាជអាវុធហត្ថ Duneault នៅជិតតំបន់Châteaulin ដោយពន្យល់ថា “ករណីនេះចាប់ផ្តើមនៅខែមករា នៅពេលដែលបុគ្គល២នាក់ឆ្លើយឆ្លងជាប្រចាំជាមួយក្រុមភេរវកម្ន(Daesh) ហើយ”យើងតាមដានយ៉ាងលំអិតចំពោះអ្វីដែលកើតឡើងនៅលើអ៊ីនធឺណែត” ។
អំឡុងពេលវាយឆ្មក់ចូលផ្ទះជនសង្ស័យ ក្រុមអាជ្ញាធររកឃើញកាំបិតទាហាន និងគ្រឿងផ្សំដែលអាចបង្កើតគ្រឿងផ្ទុះដែលទាក់ទងនឹងក្រុមភេរវករ។ ក្រសួងមហាផ្ទៃនិយាយថា: «វាជាលើកទី៥ ក្នុងឆ្នាំនេះដែលយើងធ្វើការទប់ស្កាត់ការពារ ដោយកម្លាំងសន្ដិសុខរារាំងអ្វីជាសកម្មភាពអំពើហិង្សា»។