ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨
រដ្ឋមន្ត្រីការពារជាតិលោក Avigdor Lieberman និយាយថាប្រទេសអ៊ីស្រាអែលនឹងធ្វើការឆ្លើយតបយ៉ាងមុឹងម៉ាត់ប្រសិនបើកងទ័ពស៊ីរីចូលជិតតំបន់ Golan Heights ។ ក្រុង Tel Aviv ពង្រឹងកងកម្លាំងរបស់ខ្លួនក្នុងតំបន់ស្របពេលកម្លាំងស៊ីរីរីកចំរើនក្នុងការប្រឆាំងនឹងពួកសកម្មប្រយុទ្ធ។
ប្រទេសអ៊ីស្រាអែលច្បាស់លាស់ចំពោះកិច្ចព្រមព្រៀងឆ្នាំ១៩៧៤ ហើយបើសិនជាមានការរំលោភបំពានណាមួយនោះប្រទេសអ៊ីស្រាអែលនឹងធ្វើការឆ្លើយតបយ៉ាងតឹងរ៉ឹង នេះយោងតាមប្រភពប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលដកស្រង់ប្រសាសន៍លោក Lieberman ប្រាប់ក្រុមសមាជិកសភា។
ក្នុងរយៈពេលពីរបីសប្តាហ៍ចុងក្រោយនេះ ក្រុង Tel Aviv ព្រមានម្តងហើយម្តងទៀតដល់ប្រទេសស៊ីរីមិនឱ្យចូលក្នុងតំបន់គ្មានយោធាស្របពេលដែលមានប្រតិបត្តិការកំពុងបន្តប្រឆាំងក្រុមសកម្មប្រយុទ្ធនៅភាគនិរតីនៃប្រទេស។ អ៊ីស្រាអែលបង្កើនវត្តមានយោធារបស់ខ្លួននៅតំបន់ Golan Heights ក្នុងស៊ីរី ដោយប្តេជ្ញាថានឹងការពារអធិបតេយ្យភាពនិងព្រំដែនរបស់ខ្លួន។ ប្រទេសអ៊ីស្រាអែលកាន់កាប់តំបន់ Golan Heights តាំងពីសង្គ្រាមក្នុងឆ្នាំ១៩៦៧ ប៉ុន្តែការគ្រប់គ្រងនេះមិនត្រូវគេទទួលស្គាល់ជាអន្តរជាតិនោះទេ។
ដោយសារជម្លោះនៅស៊ីរីឆាបឆេះជាច្រើនឆ្នាំមកហើយ ក្រុងTel Aviv លើកឡើងជាច្រើនលើកច្រើនសាថា ខ្លួនមិនចូលរួមក្នុងរឿងនេះទេ។ ទោះបីជាយ៉ាងណាក៏ដោយប្រទេសអ៊ីស្រាអែលវាយប្រហារកម្លាំងរដ្ឋាភិបាលស៊ីរីជាច្រើនដងនៅជិតតំបន់ Golan Heights ដោយប្រើពាក្យថា គ្រាប់កាំភ្លើងដែលគ្មានម្ចាស់មកពីទឹកដីស៊ីរីគ្រាន់តែជាលេសដើម្បីធ្វើការឈ្លានពាន។