ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨
ក្រុមអ្នកឃ្លាំមើលសង្គ្រាមនិយាយថា មានការផ្ទុះក្នុងអគារលំនៅដ្ឋានមួយជាកន្លែងផ្ទុកអាវុធ និងគ្រាប់កាំភ្លើងនៅទីតាំងដែលពួកឧទ្ទាមគ្រប់គ្រងនៅខេត្ត Idlib បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន៣៩នាក់ រួមទាំងកុមារចំនួន១២នាក់កាលពីថ្ងៃអាទិត្យ។
ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សស៊ីរីនិយាយអះអាងថា ការផ្ទុះក្នុងចំណោមមនុស្ស៣៩នាក់ មានកុមារចំនួន១២នាក់ស្លាប់ដែលកើតឡើងក្នុងទីក្រុង Sarmada ស្ថិតនៅជិតព្រំដែនប្រទេសទួរគី និងភាគខាងជើងនៃខេត្ត Idlib។
ក្រុមអង្កេតការណ៍និយាយថា ជនស៊ីវិលស៊ីរីត្រូវផ្លាស់ប្តូរទីលំនៅក្នុងអំឡុងពេលសង្រ្គាមរយៈពេល៧ឆ្នាំនេះ ហើយអគារនេះប្រើសម្រាប់អ្នកចែកចាយអាវុធផងដែរ។
ក្រុមជួយសង្គ្រោះស៊ីរី White Helmets ដែលបង្កើតឡើងនៅតំបន់គ្រប់គ្រងដោយពួកឧទ្ទាមបានសរសេរលើកម្មវិធី Twitter ថា មានមនុស្សចំនួន៣៦នាក់ស្លាប់ និងមានមនុស្សរាប់សិបនាក់រងរបួសក្នុងហេតុការផ្ទុះនេះ ហើយរហូតមកដល់ពេលនេះមានមនុស្សចំនួន១០នាក់ត្រូវគេទាញចេញពីគំនរបាក់បែកក្រោយពីមានការផ្ទុះ។
ពួកគេបន្តថា គេមិនទាន់ដឹងពី មូលហេតុនៃការផ្ទុះនេះទេ។ ខេត្ត Idlib ជាតំបន់ចុងក្រោយបំផុតដែលស្ថិតក្រោមការកាន់កាប់របស់ពួកឧទ្ទាម ប្រឆាំងនឹងការគ្រប់គ្រងរបស់លោកប្រធានាធិបតី បាសារអាល់អាសាដ។
