ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨
យោងតាមរបាយការណ៍និយាយថា ទីក្រុងវ៉ាស៊ីនតោនផ្តល់ “ព័ត៌មានមិនផ្លូវការ” ទៅប្រទេសឥណ្ឌាថា ប្រទេសឥណ្ឌាអាចចៀសការដាក់ទណ្ឌកម្មពីអាមេរិកចំពោះការទិញប្រព័ន្ធមីស៊ីល S-400របស់រុស្ស៊ី ប៉ុន្តែទីក្រុងញូវដេលីត្រូវទិញយន្តហោះចម្បាំងF-16របស់អាមេរិក។
អាមេរិកបានលួងលោមឥណ្ឌាតាំងពីដើមខែតុលាមកម្លេះ។ ការផ្លាស់ប្តូរនេះធ្វើឡើងភ្លាមៗបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី Narendra Modi និងលោកពូទីនចុះហត្ថលេខាលើកិច្ចព្រមព្រៀងទឹកប្រាក់៥.៤ពាន់លានដុល្លារលើការទិញប្រព័ន្ធ S-400 រុស្ស៊ីចំនួន៥។
ការសម្រេចចិត្តបង្កើនសមត្ថភាពយោធារបស់ខ្លួនជាមួយការទិញអាវុធពីរុស្ស៊ី ធ្វើឱ្យទីក្រុងវ៉ាស៊ីនតោនបន្តគំរាមកំហែងឥណ្ឌាដោយដាក់ទណ្ឌកម្មច្បាប់(CAATSA)។ ប៉ុន្តែប្រសិនបើទីក្រុងញូវដេលីទទួលយកការទិញយន្តហោះចម្បាំងប្រភេទ F-16 នឹងមានការលើកលែង។
មុននេះកងកម្លាំងអាកាសឥណ្ឌាផ្សាយព័ត៌មានតាម RFI មានសំណើទិញយន្តហោះចម្បាំង ១១៤គ្រឿងនៅក្នុងដំណើរការដេញថ្លៃប្រកួតប្រជែងជម្រើសយកយន្តហោះ F-16s និង F-18s។ ប៉ុន្តែអាជ្ញាធរឥណ្ឌាបដិសេធមិនផ្តល់ការអះអាងណាមួយដល់ក្រុងវ៉ាស៊ីនតោនថានឹងចំណាយប្រាក់ទិញយន្តហោះអាមេរិកនោះទេ។
