ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨
កងទ័ពអ៊ីរ៉ាក់បាននិយាយកាលពីថ្ងៃអង្គារនេះថាយន្តហោះចម្បាំងធ្វើការវាយប្រហារតាមអាកាសជាច្រើនដងប្រឆាំងក្រុមរដ្ឋអ៊ីស្លាមស្ថិតនៅក្នុងខេត្តDeir el-Zour ប្រទេសស៊ីរីដោយសម្លាប់ភេរវករចំនួន៤៤នាក់។
បណ្តាញទូរទស្សន៍Dijlah ដកស្រង់សម្តីបញ្ជាការប្រតិបត្តិការរួមក្នុងសេចក្តីថ្លែងការណ៍មួយថាយន្តហោះចម្បាំងអ៊ីរ៉ាក់F-16 ធ្វើការវាយប្រហារតាមអាកាសប្រកបដោយជោគជ័យមួយដែលតម្រង់គោលដៅទៅលើកន្លែងលាក់ខ្លួនរបស់ក្រុមរដ្ឋអ៊ីស្លាមដែលស្ថិតនៅក្នុងទីក្រុងal-Susah ខេត្តDeir al-Zour បណ្តាលឲ្យភេរវករជាង៤០នាក់ស្លាប់។
សេចក្តីថ្លែងការណ៍និយាយថាការវាយឆ្មក់តាមអាកាសមួយផ្សេងទៀតបានបំផ្លាញកន្លែងលាក់ខ្លួនដែលស្ថិតនៅក្នុងទីក្រុងដែលមានផ្ទះចំនួន១៤កន្លែងរបស់អ្នកប្រយុទ្ធរដ្ឋអ៊ីស្លាម។ សេចក្តីថ្លែងការណ៍បានប្រាប់បន្ថែមទៀតថាប្រតិបត្តិការនេះបានបំផ្លាញទាំងស្រុង ដែលជាកន្លែងគោលដៅដែលត្រូវបំផ្លាញរបស់រដ្ឋអ៊ីស្លាម។
គួររំលឹកថាកាលពីខែមេសាកន្លងទៅអតីតនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោកHaider al-Abadi បានបដិសេធនូវចេតនាជ្រៀតជ្រែកក្នុងកិច្ចការរបស់ស៊ីរី ដោយនិយាយថាការវាយប្រហារតាមអាកាសប្រឆាំងរដ្ឋអ៊ីស្លាមនឹងបន្ត។ កាលពីមុនអ៊ីរ៉ាក់បានប្រកាសបើកការវាយប្រហារតាមអាកាសប្រឆាំងនឹងទីតាំងរបស់IS នៅស៊ីរី។
នេះកើតឡើងបន្ទាប់ពីលោកAbadi បាននិយាយថាកងសន្តិសុខនឹងតាមប្រមាញ់ពួកសកម្មប្រយុទ្ធIS នៅក្នុងតំបន់ទាំងមូលមិនត្រឹមតែនៅក្នុងប្រទេសអ៊ីរ៉ាក់នោះទេ។ គួរបញ្ជាក់ថាសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមរាប់ពាន់នាក់ក៏ដូចជាជនស៊ីវិលអ៊ីរ៉ាក់ត្រូវបានសម្លាប់ចាប់តាំងពីយុទ្ធនាការរដ្ឋាភិបាលមួយដែលត្រូវបានគាំទ្រដោយយោធា និងសម្ព័ន្ធមិត្តអន្តរជាតិដែលដឹកនាំដោយអាមេរិកបានចាប់ផ្តើមកាលពីខែតុលាឆ្នាំ២០១៦ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធដែលបានប្រកាសរដ្ឋអ៊ីស្លាមរបស់ពួកគេក្នុងរដ្ឋធានីMosul កាលពីខែមិថុនាឆ្នាំ២០១៤។