ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩
មេបញ្ជាការកងទ័ពអាកាសអ៊ីរ៉ង់ព្រមានថាទីក្រុង Tehran ត្រៀមខ្លួនដើម្បីប្រឈមមុខ និងកម្ចាត់អ៊ីស្រាអែល។ ពាក្យសន្យាប្រយុទ្ធរបស់លោកធ្វើឡើងក្រោយពីកម្លាំងអ៊ីស្រាអែលវាយឆ្មក់តាមអាកាសលើគោលដៅអ៊ីរ៉ង់ក្នុងប្រទេសស៊ីរី និងសម្លាប់ទាហានស៊ីចំនួន៤នាក់។
យោងតាមប្រភពប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីរ៉ង់ ឧត្តមសេនីយ៍ទោ Aziz Nasirzadeh មេបញ្ជាការទ័ពអាកាសអ៊ីរ៉ង់ IRIAF ចេញសេចក្តីថ្លែងការណ៍ទៅកាន់ភ្នាក់ងារព័ត៌មាន Young Journalist Club news ។ លោកមានប្រសាសន៍ថា “កម្លាំងទ័ពអាកាសដ៏ក្លាហានត្រៀមខ្លួនរួចជាស្រេច ហើយមានសេចក្តីអត់ធ្មត់ក្នុងការប្រឈមមុខនឹងរបប Zionist និងលុបបំបាត់ពួកគេចេញពីផែនដី” ។ “កងកម្លាំងជំនាន់ក្រោយរបស់យើងកំពុងរង់ចាំថ្ងៃបំផ្លាញអ៊ីស្រាអែល” ។
លោកសង្កត់ធ្ងន់ថាការត្រៀមខ្លួនឱ្យបានខ្លាំងនៅផ្នែកយោធាអ៊ីរ៉ង់បង្អាក់សត្រូវរបស់ប្រទេសនេះពីការវាយប្រហារលើសាធារណរដ្ឋអ៊ីស្លាម។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ការពារការសម្រេចចិត្តរបស់ប្រទេសលោកក្នុងការវាយប្រហារគោលដៅក្នុងប្រទេសស៊ីរីនៅថ្ងៃចន្ទដោយលោករៀបរាប់អំពីការវាយឆ្មក់តាមអាកាសថា ជាការសងសឹកប្រឆាំងនឹងអ្នកដែលចង់បំផ្លាញអ៊ីស្រាអែល។
លោក Netanyahu មានប្រសាសន៍ក្នុងសុន្ទរកថាមួយថា “យើងកំពុងធ្វើប្រតិបត្តិការប្រឆាំង ទាំងកម្លាំងអ៊ីរ៉ង់ និងកម្លាំងស៊ីរីដែលជាការរារាំងការឈ្លានពានប្រទេសអ៊ីរ៉ង់” ។ យើងនឹងធ្វើការវាយប្រហារទៅលើនរណាម្នាក់ដែលព្យាយាមធ្វើបាបយើង។ អ្នកណាដែលគំរាមកំហែងបំបាត់យើងត្រូវទទួលខុសត្រូវទាំងស្រុង”។
គេជឿថាប្រទេសអ៊ីស្រាអែលបាញ់មីស៊ីលរាប់សិបគ្រាប់ និងគ្រាប់បែកក្នុងប្រទេសស៊ីរីនៅរយៈពេល៤៨ម៉ោងចុងក្រោយនេះ ដោយសំដៅលើកងកម្លាំងអ៊ីរ៉ង់ដែលដាក់ពង្រាយក្នុងប្រទេសនោះ។ ការវាយប្រហារសម្លាប់ទាហានស៊ីរីចំនួន៤នាក់ និងបណ្តាលឱ្យមនុស្សចំនួន៦នាក់ផ្សេងទៀតរងរបួសហើយក្រសួងការពារជាតិរុស្ស៊ីនិយាយថា ការវាយប្រហារនេះបង្កឱ្យមានការខូចខាតដល់អាកាសយានដ្ឋានអន្តរជាតិដាម៉ាស់។ ក្រសួងអះអាងថា កងកម្លាំងស៊ីរីស្ទាក់ចាប់កាំជ្រួចអ៊ីស្រាអែលចំនួន៣០គ្រាប់ក្នុងរយៈពេល៤៨ម៉ោងចុងក្រោយនេះ។