ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩
រដ្ឋមន្ត្រីឥណ្ឌាម្នាក់អះអាងថា យន្តហោះចម្បាំងវាយប្រហារដោយជោគជ័យទៅលើក្រុមភេរវករនៅតំបន់កាស្មៀរដែលត្រួតត្រាដោយប៉ាគីស្ថាន។ ប្រទេសប៉ាគីស្ថាននិយាយថា យន្ដហោះឥណ្ឌាទម្លាក់គ្រាប់ខណៈដែលពួកគេកំពុងគេចខ្លួន។
រដ្ឋមន្ត្រីក្រសួងកសិកម្មលោក Gajendra Singh Shekhawat និយាយនៅថ្ងៃអង្គារថា កងកម្លាំងទ័ពអាកាសវាយប្រហារនៅពេលព្រឹកព្រលឹមលើជំរុំភេរវករនៅទូទាំងប្រទេសហើយនៅទីនោះរងការបំផ្លាញទាំងស្រុង។ យោងតាមប្រភពប្រព័ន្ធផ្សព្វផ្សាយរបស់ឥណ្ឌាយន្តហោះប្រយុទ្ធ Mirage2000 ចំនួន១២គ្រឿងទម្លាក់គ្រាប់បែកនៅតំបន់ក្រុមជីហាដនិយម Jaish-e-Mohammed ក្នុងតំបន់កាស្មៀរ។
ទូរទស្សន៍ NDTV រាយការណ៍ដោយដកស្រង់ប្រភពនានាថា ការវាយប្រហារនោះទទួលបានជោគជ័យ ១០០ភាគរយដូចបានគ្រោងទុក ។ វាជាលើកទីមួយយន្តហោះចម្បាំងឥណ្ឌាឆ្លងកាត់ខ្សែបន្ទាត់ត្រួតត្រា (LoC) (ដើម្បីធ្វើសកម្មភាពនៅកាស្មៀរ) ចាប់តាំងពីឆ្នាំ១៩៧១ នៅពេលដែលរដ្ឋទាំងពីរធ្វើសង្គ្រាមជាមួយគ្នា។
យោធាប៉ាគីស្ថានបញ្ជាក់ពីការលុកលុយយន្ដហោះឥណ្ឌានៅលើទឹកដីរបស់ខ្លួន ប៉ុន្តែបង្ហាញពីគោលជំហររបស់ពួកគេពីថានឹងមានអ្វីកើតឡើងបន្ទាប់មកទៀត។ អ្នកនាំពាក្យរបស់កងទ័ព លោកឧត្តមសេនីយ៍ Asif Ghafoor មានប្រសាសន៍ថា យន្តហោះឥណ្ឌាទម្លាក់គ្រាប់យ៉ាងឆាប់រហ័ស និងដកថយភ្លាមៗគេចចេញពីយន្ដហោះ ដែលស្ទាក់ចាប់ ហើយអះអាងថា ពុំមានអ្នកស្លាប់ និងពុំមានហេដ្ឋារចនាសម្ព័ន្ធណាមួយរងគ្រោះ អំឡុងពេលមានការវាយឆ្មក់នោះទេ។
លោក Ghafoor បង្ហោះរូបថតបង្ហាញពីបំណែករបស់គ្រាប់កាំភ្លើងដែលទម្លាក់ដោយការ ប្រញាប់ប្រញាល់បម្រុងនឹងភៀសខ្លួនរបស់យន្តហោះឥណ្ឌា។ រូបថតក៏បង្ហាញផងដែរថា ដើមឈើរងការបំផ្លាញនៅក្នុងការវាយឆ្មក់នេះ។ ភាពតានតឹងក្នុងតំបន់ជម្លោះកើនឡើងខ្ពស់អស់រយៈពេលជាច្រើនសប្តាហ៍ចាប់តាំងពីមានការបំផ្ទុះរថយន្តសំដៅលើកងរាជអាវុធហត្ថយោធាឥណ្ឌាសម្លាប់មនុស្សចំនួន៤០ នាក់។
ការវាយប្រហារភេរវកម្មជំរុញឱ្យមានការវាយប្រហារ “‘surgical strikes’ 2.0” ជាប្រតិបត្តិការដដែលៗធ្វើឡើងដោយនាយករដ្ឋមន្ត្រីឥណ្ឌាលោក Modi ដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហារលើមូលដ្ឋានកងទ័ពឥណ្ឌានៅតំបន់ភ្នំហិមាល័យដែលសម្លាប់ទាហានចំនួន១៨នាក់។
