ប្រភពព័ត៌មាន RT ផ្សយថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩
ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan មានឆន្ទៈសម្រុះសម្រួលរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីបន្ធូរបន្ថយភាពតានតឹងជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ក្រុងតេអេរ៉ង់។ លោក Erdogan មានប្រសាសន៍ក្នុងសេចក្តីអធិប្បាយផ្សាយក្នុងកាសែត Sabah នៅថ្ងៃព្រហស្បតិ៍ថា លោកពិភាក្សាពីការសម្រុះសម្រួលដែលអាចធ្វើទៅបានជាមួយលោក Shinzo Abe នាយករដ្ឋមន្ត្រីជប៉ុននៅក្រៅកិច្ចប្រជុំ G-២០។ លោក Abe ស្នើដល់មេដឹកនាំទួរគីថា “តើប្រទេសទួរគី និងជប៉ុនអាចធ្វើសកម្មភាពរួមគ្នាបានដែរឬទេ?” លោក Erdogan ឆ្លើយតបថា លោកនឹងជួបជាមួយមេដឹកនាំអ៊ីរ៉ង់។ លោក Erdogan មានប្រសាសន៍ទៅកាន់អ្នកសារព័ត៌មានទួរគីក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចទៅប្រទេសចិន។ ប្រទេសអ៊ីរ៉ង់ព្រមានថានឹងបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម នៅពេលដែលភាពតានតឹងកើនឡើងក្រោយពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ រវាងប្រទេសអ៊ីរ៉ង់ និងមហាអំណាចពិភពលោក៕