ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩
នៅថ្ងៃពុធប្រធានាធិបតីលោក អាប់ដេល ហ្វាតា អាល ស៊ីសស៊ី ជំរុញឱ្យប្រជាជនប្រទេសអេហ្ស៊ីបគាំទ្រដល់ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីកម្ចាត់ពួកសកម្មប្រយុទ្ធអ៊ីស្លាម ដោយលោកមានប្រសាសន៍ថា វាជាបេសកកម្មរបស់ពលរដ្ឋគ្រប់ៗរូប។ ភ្នាក់ងារព័ត៌មាន AP ផ្សាយថា ការអំពាវនាវធ្វើឡើងក្រោយពីមានរថយន្តផ្ទុកគ្រឿងផ្ទុះបានផ្ទុះឡើងនៅដើមសប្តាហ៍នេះនៅខាងក្រៅមន្ទីរពេទ្យជំងឺមហារីករបស់ប្រទេសអេហ្ស៊ីបក្នុងទីក្រុងគែរ។ ការផ្ទុះនោះសម្លាប់មនុស្សយ៉ាងហោចណាស់២០នាក់ ហើយវាជាការវាយប្រហារដ៏សាហាវបំផុតនៅក្នុងរដ្ឋធានីប្រទេសអេហ្ស៊ីបនៅរយៈពេលជាងពីរឆ្នាំមកនេះ។ លោកប្រធានាធិបតីមានប្រសាសន៍ក្នុងសុន្ទរកថាតាមទូរទស្សន៍ថា វាមិនត្រឹមតែជាបេសកកម្មរបស់រដ្ឋក្នុងការកម្ចាត់ពួកសកម្មប្រយុទ្ធប៉ុណ្ណោះទេ ប៉ុន្តែយើងក្នុងនាមជាសង្គមត្រូវតែធ្វើឱ្យកូនៗរបស់យើងយល់ដឹង បំភ្លឺ និងការពារពួកគេប្រឆាំងនឹងមនោគមវិជ្ជាជ្រុលនិយមនេះ។ ទីក្រុងគែរចោទប្រកាន់ក្រុមសកម្មប្រយុទ្ធហាសឹម ដែលមានទំនាក់ទំនងជាមួយក្រុមភាតរអ៊ីស្លាមខុសច្បាប់សម្រាប់ការវាយប្រហារនោះ ដោយនិយាយថាក្រុមនោះបើករថយន្តដើម្បីអនុវត្តការវាយប្រហារនៅកន្លែងផ្សេងទៀត៕









