ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩
មេប៉ូលិសអ៊ីរ៉ាក់ម្នាក់បានប្រកាសកាលពីថ្ងៃពុធនេះថាបានបំផ្លាញកន្លែងលាក់ខ្លួនចំនួន៥កន្លែងរបស់ក្រុមភេរវកររដ្ឋអ៊ីស្លាមដែលស្ថិតនៅក្នុងខេត្តឌីយ៉ាឡា។ មេប៉ូលិសខេត្តឌីយ៉ាឡា ឧត្តមសេនីយ៍ Faisal Kazem al-Abadi បានប្រាប់គេហទំព័រសារព័ត៌មាន Alghad ថាកន្លែងលាក់ខ្លួនរបស់រដ្ឋអ៊ីស្លាមចំនួន៥កន្លែងត្រូវបានកម្ទេចចោលកាលពីថ្ងៃពុធនេះស្ថិតនៅជាយក្រុងខានាគីន ហើយនិងស្ថិតនៅក្នុងស្រុកចាឡាវឡា ខេត្តឌីយ៉ាឡា ដែលជាផ្នែកមួយនៃប្រតិបត្តិការដំណាក់កាលទី៣។ លោក Abadi បានចង្អុលបង្ហាញថាកងទ័ពអ៊ីរ៉ាក់នឹងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីចាប់ខ្លួនក្រុមភេរវកររដ្ឋអ៊ីស្លាម និងបំផ្លាញកន្លែងលាក់ខ្លួនរបស់ពួកដែលស្ថិតនៅពាសពេញប្រទេសអ៊ីរ៉ាក់។ គួររំលឹកថាក្រុមរដ្ឋអ៊ីស្លាមបានបង្ហាញខ្លួននៅលើឆាកអន្តរជាតិកាលពីឆ្នាំ២០១៤ នៅពេលនោះក្រុមនេះបានរឹបអូសយកដែនដីធំៗនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីដោយប្រកាសការបង្កើតរដ្ឋអ៊ីស្លាមរបស់ពួកគេចេញពីទីក្រុងម៉ូស៊ូល។ ក្រោយមកទៀតក្រុមនេះបានក្លាយជាក្រុមល្បីល្បាញខាងអំពើឃោរឃៅ រួមទាំងការសម្លាប់រង្គាល ការចាប់ពង្រត់ និងការកាត់ក្បាលមនុស្សដែលជាហេតុជំរុញឲ្យសហរដ្ឋអាមេរិកបានដឹកនាំកងកម្លាំងចម្រុះអន្តរជាតិដើម្បីកម្ទេចក្រុមនេះចោល។ បើទោះបីជាក្រុមនេះបានទទួលការបរាជ័យនៅទីកន្លែងសំខាន់របស់ពួកគេនៅទូទាំងប្រទេសអ៊ីរ៉ាក់ក៏ដោយក៏ក្រុមនេះនៅតែបន្តធ្វើការវាយប្រហារម្តងម្កាលប្រឆាំងនឹងកងទ័ព។ របាយការណ៍សន្តិសុខបានព្រមានថាក្រុមសកម្មប្រយុទ្ធនៅតែបង្កការគំរាមកំហែងប្រឆាំងនឹងស្ថេរភាពនៅក្នុងប្រទេសនេះ៕