ប្រធានាធិបតីវ្ល៉ាឌីមៀពូទីនមានប្រសាសន៍ថា អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែដែលស្លាប់នៅក្នុងការផ្ទុះក្នុងកិច្ចការយោធាសម្ងាត់មួយនៅភាគខាងជើងប្រទេសរុស្ស៊ីជាអ្នកវិទ្យាសាស្ត្រអភិវឌ្ឍអាវុធដ៏សំខាន់សម្រាប់អធិបតេយ្យភាពរបស់ប្រទេស។ ក្រោយពីការធ្វើតេស្តិ៍ម៉ាស៊ីនកាំជ្រួចដោយអាថ៌កំបាំងនៅតំបន់អាកហានហ្គេលនៅខែសីហា គេអញ្ជើញភរិយារបស់អ្នកវិទ្យាសាស្ត្រឱ្យចូលរួមនៅវិមានក្រឹមឡាំងនៅថ្ងៃព្រហស្បតិ៍។ លោកពូទីនបញ្ជាក់ពីភាពក្លាហានដល់ស្វាមីរបស់ពួកគេ និងសម្តែងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ។ លោកពូទីនលើកពាក្យសរសើររបស់គាត់ទៅកាន់អ្នកវិទ្យាសាស្ត្រក្រោយថា”ពួកគេកំពុងធ្វើការលើកិច្ចការដ៏លំបាកសំខាន់ និងចាំបាច់ ។ ការកាន់កាប់បច្ចេកវិទ្យាបែបនេះគឺជាការធានាដ៏សំខាន់ និងគួរឱ្យទុកចិត្តចំពោះសន្តិភាពនៅលើភពផែនដី។ បើទោះបីជាមានបញ្ហាអ្វីក៏ដោយយើងនឹងនៅតែបន្តកែលម្អអាវុធនេះ” ។ ការផ្ទុះដ៏ធំមួយធ្វើឱ្យរញ្ជួយដល់ឈូងសមុទ្រនៅភាគខាងជើងនៃតំបន់ អាកហានហ្គេល នៅថ្ងៃទី៨ ខែសីហា។ គ្រោះថ្នាក់នេះកើតឡើងក្នុងកំឡុងពេលអ្នកវិទ្យាសាស្ត្រកំពុងសាកល្បងប្រភពថាមពលអ៊ីសូតូមសម្រាប់ម៉ាស៊ីនកាំជ្រួចមីស៊ីលដែលជាការពិសោធន៍។ ហេតុការណ៍នោះសម្លាប់មនុស្សចំនួនប្រាំពីរនាក់។ មនុស្សប្រាំនាក់ក្នុងចំណោមពួកគេគឺជានិយោជិករបស់ទីភ្នាក់ងារនុយក្លេអ៊ែររុស្ស៉ី និងពីរនាក់ទៀតមកពីក្រសួងការពារជាតិ។ ការផ្ទុះនេះបណ្តាលឱ្យមានការរីករាលដាលវិទ្យុសកម្មយ៉ាងខ្លីនៅក្នុងតំបន់ ប៉ុន្តែក្រោយមកស្ថានភាពវិលត្រលប់ទៅរកសភាពធម្មតាវិញ។ ទោះយ៉ាងណា កត្តានោះបណ្តាលឱ្យបណ្តាញសារព័ត៌មានលោកខាងលិចចុះផ្សាយដោយប្រើចំណងជើងដ៏គួរឱ្យរន្ធត់។ ប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានសរសេរថាការផ្ទុះនេះមានទាក់ទងទៅនឹងកម្មវិធីមីស៊ីលផ្លោងឈ្មោះថា 9M730 Burevestnik (ឈ្មោះកូដរបស់ណាតូ SSC-X-9 Skyfall) ប៉ុន្តែការប៉ាន់ស្មានរបស់គាត់មិនទទួលបានការបញ្ជាក់ពីទីក្រុងម៉ូស្គូទេ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩









