ប៉ូលិសទួរគីឃុំខ្លួនមនុស្សជិត ២០០នាក់លើករណីចោទប្រកាន់ទាក់ទងនឹងលោកហ្គូលេន

0

ការិយាល័យរដ្ឋអាជ្ញាសាធារណៈទីក្រុងអង់ការ៉ានិយាយថា នៅថ្ងៃអង្គារប៉ូលិសក្នុងប្រទេសទួរគីចាប់ខ្លួនមនុស្សចំនួន១៨១នាក់សង្ស័យពីបទមានទំនាក់ទំនងជាមួយក្រុមប៉ុនប៉ងធ្វើរដ្ឋប្រហារនៅឆ្នាំ២០១៦។ ការឃាត់ខ្លួនធ្វើឡើងក្រោយពីរដ្ឋអាជ្ញាសាធារណៈក្រុងចេញដីកាចាប់ខ្លួនជនសង្ស័យចំនួន ២៦០នាក់ពីបទប្រើប្រាស់សារ ByLock ដែលអាជ្ញាធរជឿជាក់ថា សារនោះត្រូវគេប្រើប្រាស់ដើម្បីសម្របសម្រួលដល់ការធ្វើរដ្ឋប្រហារ។ ជនសង្ស័យចំនួន ១៨នាក់ផ្សេងទៀត​ដោយក្នុងនោះមានទាំងវេជ្ជបណ្ឌិតចំនួន ១០នាក់ត្រូវគេចាប់ឃុំខ្លួននៅក្នុងការស៊ើបអង្កេតលើកទី២។ មន្រ្តីនិយាយថា រហូតមកដល់ពេលនេះពួកគេឃុំខ្លួនមនុស្សចំនួន ១៧១នាក់នៅក្នុងទីក្រុងអង់ការ៉ា និងជនសង្ស័យចំនួន ១០នាក់នៅកន្លែងផ្សេងទៀត។ មនុស្សចំនួនរាប់ពាន់នាក់ត្រូវគេចាប់ខ្លួនពីបទមានទំនាក់ទំនងជាមួយគ្រូអធិប្បាយមូស្លីមដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកឈ្មោះហ្វេសូឡាស់ ហ្គូលេន(Fethullah Gulen) ដែលក្រុងអង់ការ៉ានិយាយថា លោកជាអ្នកបញ្ជាឱ្យធ្វើរដ្ឋប្រហារ ប៉ុន្តែពុំបានសម្រេច។ លោកហ្គូលេនបដិសេធថា លោកពុំបានចូលរួម។ អាជ្ញាធរបណ្តេញ ឬបញ្ឈប់បុគ្គលិកផ្នែកសាធារណៈចំនួន ១៤០,០០០នាក់ជុំវិញការសង្ស័យមានជាប់ទាក់ទងនឹងលោកហ្គូលេន៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here