គ្រាប់រ៉ុក្កែតចំនួនបីគ្រាប់ត្រូវគេផ្លោងចំបរិវេនអាកាសយានដ្ឋានអន្តរជាតិនៅទីក្រុងបាកដាដក្នុងប្រទេសអ៊ីរ៉ាក់។ ហេតុការណ៍នោះបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ចំនួន៨នាក់ស្លាប់ ដោយក្នុងនោះមានមន្រ្តីជាន់ខ្ពស់មួយរូប។
ប្រព័ន្ធផ្សព្វផ្សាយសន្តិសុខអ៊ីរ៉ាក់រាយការណ៍ថា មានរ៉ុក្កែតចំនួនបីគ្រាប់ធ្លាក់នៅខាងក្នុងបរិវេណអាកាសយានដ្ឋានក្បែរចំណតរថយន្តដឹកទំនិញនៅព្រឹកថ្ងៃសុក្រម៉ោងក្នុងស្រុក។ ការផ្ទុះនេះបណ្តាលឱ្យរថយន្តចំនួន២គ្រឿងផ្ទុះឆេះ និងបង្ករបួសស្នាមដល់ជនស៊ីវិល។
ទោះយ៉ាងណាកម្លាំងចលនាតស៊ូគាំទ្រដោយអ៊ីរ៉ង់ (PMF) និយាយថា យានយន្តរបស់ខ្លួនចំនួនពីរគ្រឿងនៅក្នុងក្បួនរថយន្តឆ្លងកាត់អាកាសយានដ្ឋានក៏រងការវាយប្រហារ ហើយជាក់ស្តែងនោះគឺជាការវាយប្រហារពីកងកម្លាំងអាមេរិក។
ក្រុមឆ័ត្ររបស់ក្រុមជីវពល Shia រងការស្តីបន្ទោសចំពោះការឡោមព័ទ្ធស្ថានទូតអាមេរិកក្នុងទីក្រុងបាកដាដនៅដើមសប្តាហ៍នេះ។ គេរាយការណ៍ថា លោកមូហាម៉ាដ រ៉េហ្សា អាល ចាប្រ៊ី(Muhammad Reza Al-Jabri) នាយកទំនាក់ទំនងសាធារណៈនៅ PMF ស្លាប់ក្នុងហេតុការណ៍ការវាយប្រហារ។ នៅរយៈពេលពីរម៉ោងក្រោយមកទៀត ក្រុម PMF បញ្ជាក់ពីការស្លាប់របស់លោកដោយពួកគេចាត់ទុក ការទម្លាក់គ្រាប់បែករបស់អាមេរិកជាសកម្មភាពសងសឹកដ៏
កំសាក។ លោកអាបុ ម៉ាឌី អាល មុហានឌីស(Abu Mahdi Al-Muhandis) អនុប្រធាននៃក្រុមចលនាចល័តក៏ស្លាប់នៅក្នុងការវាយឆ្មក់នេះផងដែរ។ ភ្នាក់ងារព័ត៌មានបន្ថែមថា សមាជិកកងជីវពលសរុបចំនួន៥នាក់ និងភ្ញៀវសំខាន់ពីរនាក់ស្លាប់នៅក្នុងការវាយប្រហារនេះ។
ភ្ញៀវម្នាក់ក្នុងចំណោមភ្ញៀវទាំងនោះទំនងជាប្រមុខដឹកនាំក្រុម Quds Force របស់អ៊ីរ៉ង់គឺ លោកហ្គាស៊ីម សុឡីម៉ានី (Qassem Soleimani) ។ អ្នកនាំពាក្យកងកម្លាំងចលនាប្រជាប្រិយអ៊ីរ៉ាក់បញ្ជាក់ពីការស្លាប់របស់លោកសុឡីម៉ានី និងដាក់កំហុសលើអាមេរិក និងអ៊ីស្រាអែលជាអ្នកសម្លាប់គាត់។ យ៉ាងណាមិញ ពុំមានរបាយការណ៍បន្ថែមបញ្ជាក់ពីចំនួនអ្នករងរបួសក្នុងចំណោមកងកម្លាំងយោធាអ៊ីរ៉ាក់។
ឧប្បត្តិហេតុបង្ខំឱ្យព្រលានយន្តហោះបិទជាបន្ទាន់។ រាល់ជើងហោះហើរទាំងក្នុងនិងក្រៅនៅអាកាសយានដ្ឋានត្រូវលុបចោលឬបង្វែរទិសដៅទាំងអស់ ។ អាកាសយានដ្ឋានមានទីតាំងនៅជាប់មជ្ឈមណ្ឌលជំនួយការទូតបាកដាដ(BDSC) ដែលជាអាកាសយានដ្ឋានប្រើប្រាស់ដោយអ្នកការទូត និងអ្នកកាន់ផ្នែកស៊ើបការណ៍សម្ងាត់ ក៏ដូចជាក្រុមប្រឆាំងដែលដឹកនាំដោយសហរដ្ឋអាមេរិក ហើយតំបន់នេះក៏ជាកន្លែងនៃមជ្ឈមណ្ឌលប្រឆាំងភេរវកម្មរួមគ្នាផងដែរ។
ការវាយប្រហារកើតឡើងចំពេលមានភាពតានតឹងកើនឡើងរវាងទីក្រុងតេរ៉ាន និងក្រុងវ៉ាស៊ីនតោនជុំវិញព្រឹត្តិការណ៍ថ្មីៗនេះនៅក្នុងប្រទេសអ៊ីរ៉ាក់។ ការវាយឆ្មក់តាមអាកាសរបស់អាមេរិកទៅលើកងជីវពលស៊ីអាអ៊ីរ៉ាក់នៅចុងសប្តាហ៍មុនបង្កឱ្យមានការធ្វើបាតុកម្មយ៉ាងក្តៅគគុកនៅឯស្ថានទូតអាមេរិកក្នុងតំបន់បៃតង។ ក្រុមអ្នកតវ៉ាបានវាយបំបែកបង្អួចបណ្តាលឱ្យឆេះអគារ និងស្រែកពាក្យស្លោកប្រឆាំងនឹងអាមេរិក។ ក្រុងវ៉ាស៊ីនតោនអះអាងថាការវាយឆ្មក់នេះគឺជាការសងសឹកចំពោះការវាយប្រហារដោយគ្រាប់រ៉ុក្កែតពីកងជីវពលទៅលើមូលដ្ឋានអាមេរិកនៅ ខេត្តគីកូក( Kirkuk) ហើយអ៊ីរ៉ង់ជាង្នកផ្តល់ការគាំទ្រដល់ការវាយប្រហារនេះ បើទោះជាពុំមានភស្តុតាងសម្រាប់ការអះអាងនេះក៏ដោយ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩









