អ៊ីរ៉ង់សងសឹកដោយបាញ់មីស៊ីលលើមូលដ្ឋានទ័ពអាកាសអ៊ីរ៉ាក់ជាទីតាំងរបស់កងទ័ពអាមេរិក

0

ប្រទេសអ៊ីរ៉ង់អះអាងថា ពួកគេបាញ់មីស៊ីលចំនួន១០គ្រាប់នៅមូលដ្ឋានអាកាសអៀន អាសាដ (Ain Assad) របស់អ៊ីរ៉ាក់។ ទូរទស្សន៍រដ្ឋផ្សាយនៅព្រឹកថ្ងៃពុធថា ប្រតិបត្តិការរបស់ក្រុងតេអេរ៉ានជាការសងសឹកចំពោះការសម្លាប់មេដឹកនាំឆ្មាំបដិវត្តលោកកាហ្ស៊ីម សូឡៃម៉ានី។

គេមិនទាន់អាចសុំការអធិប្បាយពីកម្លាំងអាមេរិកភ្លាមៗបានទេ។ រដ្ឋលេខាធិការនៃសេតវិមានគឺលោកស្រីស្តេផានៀរ ហ្រ្គីសហាម(Stephanie Grisham) មានប្រសាសន៍ថា “សេតវិមានបានបញ្ជាក់ដឹងអំពីរបាយការណ៍នេះ” ​ហើយលោកស្រីបន្ថែមថា“ ប្រធានាធិបតីទទួលព័ត៌មានជាបទបង្ហាញខ្លីៗ ហើយកំពុងតាមដានស្ថានការណ៍នេះយ៉ាងជិតស្និទ្ធ និងពិគ្រោះយោបល់ជាមួយក្រុមសន្តិសុខជាតិរបស់គាត់”។

មូលដ្ឋានអាកាសអៀន អាសាដ(Ain Assad) ស្ថិតនៅក្នុងខេត្តអានបា(Anbar) ភាគខាងលិចរបស់ប្រទេសអ៊ីរ៉ាក់។ នៅឆ្នាំ២០០៣ មូលដ្ឋានអាកាសនោះត្រូវបានកម្លាំងអាមេរិកប្រើជាលើកដំបូងក្នុងប្រតិបត្តិការផ្តួលរំលំមេដឹកនាំផ្តាច់ការលោកសាដាមហ៊ូសេន។ ក្រោយមកគេបានឃើញកងទ័ពអាមេរិកឈរជើងនៅទីនោះចំពេលមានយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី។

ទូរទស្សន៍រដ្ឋផ្សាយថាឈ្មោះប្រតិបត្តិការសងសឹកនោះគឺ “Martyr Soleimani” ។ ប្រភពបន្ថែមថា ឆ្មាំផ្នែកអវកាសគ្រប់គ្រងកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ជាអ្នកបើកការវាយប្រហារ។ មន្ត្រីអ៊ីរ៉ង់និយាយថា ពួកគេនឹងផ្សព្វផ្សាយព័ត៌មានបន្ថែមនៅពេលក្រោយ។ មន្ត្រីអាមេរិកម្នាក់មានប្រសាសន៍ថា សហរដ្ឋអាមេរិកជឿជាក់ថា អាចនឹងមានការវាយប្រហារជាច្រើនទៅលើទីតាំងនានានៅក្នុងប្រទេសអ៊ីរ៉ាក់ដោយមន្រ្តីរូបនោះមិនផ្តល់ព័ត៌មានបន្ថែមទេ។ គេនៅមិនទាន់ច្បាស់ថា តើទីតាំងផ្សេងទៀតអាចត្រូវបានវាយប្រហារយ៉ាងដូចម្តេច៕

ប្រភពព័ត៌មានSouth China Post Morning ផ្សាយថ្ងៃទី០៨​ ខែមករា ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here