នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា គេបាញ់គ្រាប់រ៉ុក្កែតសំដៅទៅលើជំរុំ Taj Taji ដែលជាមូលដ្ឋានចម្រុះរបស់ទ័ពសហរដ្ឋអាមេរិកនៅភាគខាងជើងនៃខេត្តបាដាដក្នុងប្រទេសអ៊ីរ៉ាក់។ យ៉ាងហោចណាស់មានសមាជិកម្នាក់នៃកងកម្លាំងសន្តិសុខ អ៊ីរ៉ាក់រងរបួស។គ្រាប់រ៉ុក្កែតមួយគ្រាប់ធ្លាក់នៅជិតខ្លោងទ្វាររបស់មូលដ្ឋានទ័ព ដែលនៅមូលដ្ឋានទ័ពនោះមានទាហានមកពីសហរដ្ឋអាមេរិក អង់គ្លេស ញូវហ្សេឡែន អូស្ត្រាលី និងប្រទេសដទៃទៀត ខណៈ ដែលទាហានរបស់ពួកគេនៅតែបន្តមានវត្តមាននៅក្នុងប្រទេសអ៊ីរ៉ាក់ ក្រោយពីសភាបញ្ជាឱ្យទាហានបរទេសចាកចេញនៅដើមខែនេះ។ គេជឿថា យ៉ាងហោចណាស់មានគ្រាប់រ៉ុក្កែតចំនួនពីរគ្រាប់វាយប្រហារនៅទីតាំងក្បែរមូលដ្ឋានដែលមានចម្ងាយ១៧គីឡូម៉ែត្រ នៅភាគខាងជើងទីក្រុងបាកដាដ។ស្ថានការណ៍កាន់តែមានសភាពតានតឹងខ្លាំងឡើងចាប់តាំងពីរដ្ឋបាលលោកត្រាំធ្វើឃាតលោកឧត្តមសេនីយ៍ទោអ៊ីរ៉ង់លោកកាហ្ស៊ីម សូឡៃម៉ានី(Qassem Soleimani) ដែលជាហេតុធ្វើឱ្យប្រទេសអ៊ីរ៉ង់បាញ់កាំជ្រួចមីស៊ីលចូលក្នុងមូលដ្ឋានទ័ពអាកាស Ain al-Asad របស់អាមេរិក និងមូលដ្ឋានទ័ព Erbil ។ ការវាយប្រហារពុំបណ្តាលឱ្យមានអ្នកស្លាប់ និងរបួស ប៉ុន្តែបន្សល់ទុកនូវភស្តុតាងនៃការវាយប្រហារយ៉ាងជាក់លាក់ និងមានការព្រមានថា ទីក្រុងតេរ៉ាននឹងវាយប្រហារនៅឌូបៃ(Dubai) ឬហៃហ្វា(Haifa) ជាបន្តទៀត ប្រសិនបើទីក្រុងវ៉ាស៊ីនតោនព្យាយាមសងសឹក។មូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិករងការកំណត់គោលដៅពីការវាយប្រហារខ្នាតតូចក្នុងរយៈពេលពីរខែចុងក្រោយនេះ ដោយមិនមានក្រុមណាអះអាងទទួលខុសត្រូវ ហើយក្នុងករណីវាយប្រហារភាគច្រើនមិនបណ្តាលឱ្យមានអ្នកស្លាប់ និងរងរបួសទេ។នៅថ្ងៃអាទិត្យសប្តាហ៍មុន មានគ្រាប់រ៉ុក្កែតចំនួន ៨គ្រាប់វាយប្រហារលើមូលដ្ឋានទ័ពអាកាសបាឡាដ ដែលស្ថិតនៅភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់បណ្តាលឱ្យមានទាហានអ៊ីរ៉ាក់ចំនួន ៤ នាក់រងរបួស។អ្នកវិភាគនៅមជ្ឈឹមបូព៌ាលោកអាម៉ា វេចហ្កាហ្វ(Ammar Waqqaf)ស្នើថា កម្លាំងចល័តជីវពលនិកាយស៊ីអ៊ីតដែលចងសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ទំនងជាមិនមែនជាអ្នកនៅនៅពីក្រោយនៃការវាយប្រហារនាពេលថ្មីៗនេះទេ ពីព្រោះអាវុធដែលប្រើប្រាស់ក្នុងការវាយប្រហារទាំងនោះមានទ្រង់ទ្រាយធំ ហើយមូលដ្ឋានទ័ពរងការវាយប្រហារទាំងនោះក៏ជាផ្ទះរបស់ទាហានអ៊ីរ៉ាក់ផង ដែរ។ លោកមានប្រសាសន៍ថា “អ្នកណាដែលផ្តោតការវាយប្រហារលើមូលដ្ឋាននេះមិនបានខ្វល់ពីកងទ័ព ឬទាហ៊ានអ៊ីរ៉ាក់នោះទេ” ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃឡើងវិញទី១៥ ខែមករា ឆ្នាំ២០២០









